គណៈប្រតិភូមូលនិធិ រូបិយវត្ថុអន្តរជាតិ ស្វែងយល់ពីការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា

ដោយ​ ៖ សាគុណ|ថ្ងៃទី 07 កញ្ញា 2010 ម៉ោង 00:00:00

ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយលោក ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០១០នេះ លោក Ola Uneroberdoester តំណាងអង្គការ IMF ជាប្រធានគណៈ ប្រតិភូបានជម្រាបថា រូបលោកនិងគណៈប្រតិភូ IMF មានបំណងចង់ស្វែងយល់ អំពីការអភិវឌ្ឍសេដ្ឋ កិច្ចនៅកម្ពុជា និងទស្សនវិស័យ នាពេលអនាគត ការធ្វើសម្បទានរ៉ែ និងប្រេង និងទស្សនវិស័យ សម្រាប់ផលិត បញ្ហាកំណែទម្រង់ មន្ត្រីរាជការស៊ីវិល និងច្បាប់ប្រឆាំង អំពើពុករលួយ។

លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានលើកឡើង អំពីចំណុចសំខាន់ៗ មួយចំនួន ដែលជាកត្តាធានា និងរក្សាការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការជំរុញ ឱ្យប្រសើរឡើងបន្ថែមទៀត នៃសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមាន ការធានាបាន នូវសន្តិភាពសន្តិសុខ និងការឯកភាពជាតិ ដែលជាឱកាស នៃការអភិវឌ្ឍ ប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឱ្យវិស័យសេដ្ឋកិច្ច មានការវិវត្ត ប្រកបដោយចីរភាព គឺរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការ កែទម្រង់មន្ត្រីរាជការ ស៊ីវិល និងច្បាប់ប្រឆាំង អំពើពុករលួយ ដែលជាទិសដៅសំខាន់។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបថា នៅឆ្នាំ១៩៩៥ កម្ពុជា បានរកឃើញមន្ត្រី ដែលមានតែឈ្មោះ នៅក្នុងបញ្ជីបើក ប្រាក់បៀវត្សរ៍ ចំនួន១ម៉ឺន៨ពាន់នាក់ នៅ ឆ្នាំ២០០១ រកឃើញចំនួន ១ម៉ឺននាក់ និង នៅឆ្នាំ២០១០នេះ រកឃើញ៣ពាន់នាក់ ហើយមន្ត្រីដែលរកឃើញ តែឈ្មោះនោះ ត្រូវបានលុបចេញ ពីបញ្ជីបើកប្រាក់បៀវត្សរ៍ រួចហើយធ្វើឱ្យរាជរដ្ឋាភិបាល កាត់បន្ថយថវិកា ចំណាយលើការ បើកប្រាក់បៀវត្សរ៍ ពី២ទៅ៣លានដុល្លារ អាមេរិកក្នុង១ឆ្នាំ ដែលចំនួនថវិកានេះ ជាការចូលរួមមួយផ្នែក នៃការពន្លឿនសេដ្ឋកិច្ចជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា អាស្រ័យដោយមានការ ខិតខំប្រឹងប្រែង ពីរាជរដ្ឋាភិបាល កន្លងមក ទោះបីជាមានវិបត្តិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសកលលោកក៏ដោយ ក៏កម្ពុជានៅតែរក្សាបាននូវ ការវិវត្តបន្ថែមទៀត។