បើក​ពិព័រណ៍​ទេសចរណ៍​អា​ស៊ា​ន​

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 20 មករា 2011ម៉ោង 06:48:58

ភ្នំពេញ​ ​ពិព័រណ៍​ទេសចរណ៍​អា​ស៊ា​ន​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​មក​រា​ ​ឆ្នាំ​២០១១ ក្រោម​អធិបតី​ដ៏​ ​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​និង​លោក​ជំទាវ​បណ្ឌិត​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨ ខែ​មក​រា​ ​ឆ្នាំ​២០១១។

លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ទេសចរណ៍​ថ្លែង​ថា​ ​ពិព័រណ៍​ទេសចរណ៍​អា​ស៊ា​ន​នេះ​ ​គឺ​ជា​ការ​ជួប​ជុំ​គ្នា​ដ៏​ធំ​បំផុត​ ​រវាង​ប្រ​តិ​ប​ត្ដ​ការ​ទេសចរណ៍​ ​ក្នុង​នោះ​មាន​អ្នក​លក់​ប្រមាណ​ជាង​១ពាន់​នាក់​ស្មើ​នឹង​៥១១ស្ដ​ង់​ ​មក​ពី​ផ្នែក​សណ្ឋាគារ​ ​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​ ​ប្រតិបត្ដិ​ការ​ទេសចរណ៍​ ​និង​ទី​ភ្នាក់ងារ​ទេសចរណ៍​នៃ​ប្រទេស​ជា​សមាជិក​អា​ស៊ា​ន​។​ ​អ្នក​ទិញ​ចំនួន​៤៦៦នាក់​ ​មក​ពី​តំបន់​អា​ស៊ា​ន​ ​អាស៊ី​ ​អឺរ៉ុប​ ​អា​មេ​រិ​ក​ ​និង​ក្រុម​បណ្ដាញ​សារ​ព័ត៌មាន​ជាតិ​ ​និង​អ​ន្ដរ​ជាតិ​ជា​ច្រើន​រូប​ទៀ​ត​។

ក្នុង​ថ្ងៃ​ដំបូង​បើក​ពិព័រណ៍​អា​ស៊ា​ន​ម្សិល​ម្ង៉ៃ​ ​ទទួល​បាន​ភ្ញៀវ​ជាតិ​និង​អ​ន្ដរ​ជាតិ​ចូល​រួម​ទ​ស្ស​នា​យ៉ាង​ច្រើន​កុះ​ក​រ​។​ ​ច្រក​ចូល​ដែល​រចនា​ជា​ខ្លោងទ្វារ​ប្រាសាទ​បាយ័ន​ដ៏​ធំ​ ​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​រំភើប​ប្រៀប​បាន​នឹង​ការ​ចូល​ទ​ស្ស​នា​ប្រាសាទ​ផ្ទាល់​ ​ហើយ​រឹត​តែ​បង្កើន​អារម្មណ៍​អ្នក​ទ​ស្ស​នា​ចង់​ទ​ស្ស​នា​ផ្ទាល់​នូវ​ទ​ស្ស​នី​យ​ភាព​ពិត​ជាក់​ស្ដែង​បន្ថែម​ទៀ​ត​។​ ​ស្ដ​ង់​បង្ហាញ​ផលិតផល​ ​សេ​វា​កម្ម​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ​កំពុង​រៀបចំ​ប្រកបដោយ​សណ្ដាប់ធ្នាប់​ ​ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ទ​ស្ស​នា​មិន​ជិន​ណាយ​ ​គឺ​ស្ដ​ង់​ពិព័រណ៍​របស់​កម្ពុ​ជា​ដែល​បាន​ដាក់​តាំង​លម្អ​នូវ​រូប​រាង​ប្រាសាទ​បន្ទាយស្រី​ ​ប្រកបដោយ​ក្បូរ​ក្បាច់​រចនា​ល្អ​វិ​ចិ​ត្រ​។

លោក​ ​ទិ​ត​ ​ច​ន្ថា​ អគ្គ​នាយក​ទេសចរណ៍​ ​នៃ​ក្រសួង​ទេសចរណ៍​ប្រាប់​ថា​ ​ការ​រៀបចំ​ទទួល​និង​បង្ហាញ​ទាំង​អស់​ ​គឺ​ទទួល​បាន​ការ​កោត​សរសើរ​ខ្ពស់​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ហើយ​ជា​មោ​ទ​នភា​ព​សម្រាប់​ជាតិ​ខ្មែរ​ផង​ដែ​រ​។​ ​ការ​តាំង​ពិព័រណ៍​នេះ​ ​នឹង​ប​ន្ដ​ចូល​រួម​ផ្សព្វផ្សាយ​ឱ្យ​មាន​កាន់តែ​មាន​កំណើន​ភ្ញៀវ​បន្ថែម​ទៀត​មក​កម្ពុ​ជា​។​ ​លោក​បញ្ជាក់​ថា​ ​ឆ្នាំ​២០១០ កម្ពុ​ជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​២,៥នាក់​ ​ហើយ​តាម​គម្រោង​កម្ពុ​ជា​នឹង​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​កើន​ដល់​ពី​៤-៥លាន​នាក់​ ​នៅ​ឆ្នាំ​២០១៥ និង​៧លាន​នាក់​ ​នៅ​ឆ្នាំ​២០២០។

លោក​ប្រាប់​ថា​ ​កម្ពុ​ជា​រក​ចំណូល​ជាតិ​បាន​ប្រមាណ​១,៥០០លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០០៩ និង​១៧០០លាន​ដុល្លារ​ក្នុង​ ​ឆ្នាំ​២០១០ និង​អាច​ឈាន​ដល់​២៥០០ លាន​ដុល្លារ​នៅ​ពេល​ខាង​មុ​ខ​។​ ​លោក​បញ្ជាក់​ថា​ ​ពេល​នេះ​កម្ពុ​ជា​មាន​មាស​៣គឺ​មាស​ស​ ​គឺ​អង្ករ​ ​មាស​ខ្មៅ​ ​គឺ​ប្រេង​ ​និង​មាស​បៃតង​ ​គឺ​វិ​ស័​យ​ទេសចរណ៍​នេះ​ឯង​