
ស្មានច្រឡំ
ដោយ ៖ ថ្ងៃទី 27 មករា 2011ម៉ោង 10:21:36
លើកណាក៏ដូចលើកណាដែរ ឱ្យតែសិស្សម្នាក់នេះដើរមកដល់មុខខ្ទមអ្នកតា រូបសំណាក់អ្នកតាថ្មក៏ក្រោកឈរឡើងភ្លាម ។
ឃើញដូច្នេះ ឪពុកកូនសិស្សនោះក៏នឹកគិតក្នុងចិត្ដថា៖
--នេះជាប្រផ្នូលដ៏ល្អរបស់អញតើ កូនប្រុសអញវាច្បាស់ជាមានបុណ្យនិង បានធ្វើនាម៉ឺនធំជាមិនខាន ព្រោះរហូតដល់រូបអ្នកតាថ្មក៏ត្រូវតែក្រោកឈរពេល ដែលឃើញវាដើរកាត់ដែរ ។ ប៉ុន្ដែដល់ធំឡើង ក្មេងនោះក៏ក្លាយទៅជាចោរម្នាក់ យ៉ាងស្ទាត់ជំនាញ ។
ជនជាឪពុកខឹងខ្លាំងណាស់ក៏បន្ទោសអ្នកតា ៖
--នែ អ្នកតាកំហូចឯងចេះតែក្រោកឈរ នៅពេលឃើញកូនអញដើរកាត់មុខ។ ប្រការនេះធ្វើឱ្យអញនឹកស្មានថា អ្នកតាឯងគោរពកូនអញ ព្រោះវាមានវាស្នាធ្វើ ជានាម៉ឺនធំ ។
អ្នកតាឆ្លើយ៖
--អ្នកឯងច្រឡំហើយ ខ្ញុំក្រោកឈរនោះ ព្រោះខ្ញុំខ្លាចកូនអ្នកឯងលួចស្បែកជើង របស់ខ្ញុំតើ !
