
មកពីលោកមិនសួរ ?
ដោយ ៖ ថ្ងៃទី 27 មករា 2011ម៉ោង 10:32:55
ថ្ងៃមួយមានគេអញ្ជើញសេដ្ឋីទៅលេងផ្ទះ ម្ចាស់ផ្ទះក៏ទទួលយ៉ាងរាក់ទាក់ រួច ហើយសួរថា៖
-ផ្លូវឆ្ងាយ លោកប្រហែលជានឿយហត់ច្រើន ខ្ញុំសែនបារម្ភណាស់ ។
សេដ្ឋីឆ្លើយ៖
-ទេ ពីផ្ទះខ្ញុំមកកាន់ទីនេះជិះរទេះ ម្ល៉ោះហើយគ្មាននឿយហត់អ្វីទេ ។
អ្នកបម្រើសម្លឹងមុខលោកសេដ្ឋីរួចនិយាយ៖
-ប្រសិនបើអម្បាញ់មិញ លោកឱ្យលុយគេថែមបន្ដិចបន្ដួចប្រហែលជាយើងមកដល់ឆាប់ជាង សេដ្ឋីឮអ៊ីចឹងក៏ជ្រួញចិញ្ចើម ។ ម្ចាស់ផ្ទះញញឹមញញែម ។ មកដល់ផ្ទះវិញ ។
សេដ្ឋីបានស្ដីបន្ទោសអ្នកបម្រើ៖
-អ្នកណាប្រើឱ្យឯងលូកមាត់ចូល ? ពីថ្ងៃនេះទៅបើអញមិនសួរ ហើយឯងស្ដី និងដឹងដៃអញ អ្នកបម្រើដឹងថាខ្លួនខុសហើយភ័យណាស់ក៏ឱនក្បាលដើរចេញទៅ។
ថ្ងៃមួយសេដ្ឋីធ្វើពិធីជប់លៀង ភ្ញៀវក៏អញ្ជើញមកត្រៀបត្រា នៅខ្វះតែម្នាក់គត់ ចាំយូរតែពុំឃើញភ្ញៀវនោះមកសោះ ។ សេដ្ឋីក៏ឱ្យអ្នកបម្រើទៅហៅ ភ្ញៀវនោះម្ដងទៀត ។ អ្នកបម្រើទៅមួយស្របក់ ក៏ត្រឡប់មកវិញដើរចូលក្នុងផ្ទះ បាយធ្វើព្រងើយឥតចេញស្ដីអ្វីទាំងអស់ ។ សេដ្ឋីចាំយូរពេកពុំឃើញភ្ញៀវមក ក្រែងអ្នកបម្រើមិនទាន់ទៅ ក៏ហៅអ្នកបម្រើឡើងមកផ្ទះសួរ៖
-ឯងទៅអញ្ជើញភ្ញៀវហើយឬនៅ ?
-បាទ ! ខ្ញុំទៅហើយ !
សេដ្ឋីស្មានថាភ្ញៀវជិតមកហើយ ក៏បន្ដការជជែកលេងនឹងភ្ញៀវឯងទៀត។ ម្ហូបអាហារ ត្រជាក់អស់ហើយ ក៏នៅតែពុំឃើញភ្ញៀវម្នាក់នោះមកសោះសេដ្ឋីមួរម៉ៅក៏ ហៅអ្នកបម្រើសួរទៀត៖
-ឯងជួបគាត់ គាត់និយាយថាម៉េច ?
-បាទ គាត់ថាគាត់ពុំបានមកទេ ព្រោះគាត់មានជំងឺ ។
សេដ្ឋីក្ដៅចិត្ដស្ដីថា៖
-ចុះហេតុអីឯងមិនប្រាប់ភ្លាម ទុកឱ្យគេរាល់គ្នារង់ចាំដល់ឥឡូវ ?
-ខ្ញុំមិនហ៊ានជម្រាប ព្រោះលោកមិនសួរ !
