
ខំគិតគូរ
ដោយ ៖ ហម វុទ្ធា ថ្ងៃទី 01 កុម្ភះ 2011ម៉ោង 11:04:03
(បទពាក្យប្រាំបួន)
ខំគិតគូរ រករៀនសូត្រ គ្រប់វិជ្ជា
ខំគិតគូរ ធ្វើការងារ មានខ្លឹមសារ
ខំគិតគូរ គិតដោះស្រាយ រាល់កិច្ចការ
ខំគិតគូរ ប្រើបញ្ញា គិតផ្លូវល្អ ។
ខំគិតគូរ កុំគិតធូរ គិតបណ្ដោយ
ខំគិតគូរ ក្រែងស្ដាយក្រោយ ស្ដាយក្រោយក្រ
ខំគិតគូរ គិតហើយគិត គិតតៗ
ខំគិតគូរ គិតបង្ក គិតចែកចាយ ។
ខំគិតគូរ គិតតស៊ូ ស៊ូព្យាយាម
ខំគិតគូរ ខំគិតភ្លាម គិតវែងឆ្ងាយ
ខំគិតគូរ គិតត្រាប់គ្រូ គិតរូបកាយ
ខំគិតគូរ គិតពុកម្ដាយ គិតតបគុណ ។
ខំគិតគូរ កុំរអ៊ូ ចាស់ប្រដៅ
ខំគិតគូរ កុំគិតក្រៅ គិតស៊យស៊ុន
ខំគិតគូរ គិតល្អន់ល្អិត គិតទុកមុន
ខំគិតគូរ គិតទុកទុន គិតសន្សំ ៕
