នំ​របស់​អញ​នៅឯណា​ ​?

ដោយ​ ៖ ថ្ងៃទី 08 កុម្ភះ 2011ម៉ោង 10:00:22

មាន​គ្រូ​ម្នាក់​ជា​អ្នក​ល្មោភស៊ី​ ​។ ថ្ងៃមួយ​មាន​គេ​អញ្ជើញ​លោកគ្រូ​ទៅ​ជប់លៀង​ ​គាត់​ក៏​នាំ​សិស្ស​ទៅ​តាម​ ​។ ដល់​កន្លែង​គ្រូ​អង្គុយ​ក្បែរ​តុ​ ​ទុក​សិស្ស​ឈរ​ក្បែរ​ខ្លួន​ ​។ ទោះបី​គាត់​ហូប​ឆ្អែត​ហើយ​ក៏​ដោយ​ ​តែ​គាត់​ចង់​យកនំ​មួយ​ចំនួន​ទៀត​ដាក់​ហោប៉ៅ​ ​ព្រោះ​ឃើញ​មាន​សល់​នំ​ច្រើន​លើ​តុ​ ​។ ខ្លាចក្រែង​អ្នក​អង្គុយ​ជិត​ឃើញ​នឹង​ខ្មាស​ ​គេ​ទៀត​នោះ​ ​គាត់​ក៏​យកនំ​នោះ​ហុច​ឱ្យ​សិស្ស​ ​ដោយ​ហុច​ឱ្យ​បណ្ដើរ​ ​គ្រូ​ញាក់ភ្នែក​បណ្ដើរ​ដើម្បី​ឱ្យ​សិស្ស​ដឹង​ថា​ ​យក​ទៅ​ផ្ទះ​ឱ្យ​គ្រូ​។​ ​សិស្ស​ពុំ​យល់ចិត្ដ​គ្រូ​សោះ​ស្មានថា​គ្រូ​ឱ្យ​ ​ខ្លួន​ក៏​បក​នំ​ទាំងនោះ​ស៊ី​ភ្លាម​ ​។ ឃើញ​ដូច្នេះ​គ្រូ​ខឹង​ណាស់​ ​តែ​ពុំ​ហ៊ាន​ថា​ស្ដី​អ្វី​ឡើយ​ ​។ ពេល​វិល​មក​ផ្ទះ​វិញ​ ​គ្រូ​នឹក​ស្ដាយ​នំ​ទាំងនោះ​ណាស់​ក៏​រក​វិធី​សងសឹក​សិស្ស​ ​។ នៅ​ពេល​ដែល​គ្រូ​និង​សិស្ស​ដើរ​ទន្ទឹម​គ្នា​ ​គ្រូ​ក៏​ស្ដីបន្ទោស​ទៅ​សិស្ស​ ​ទាំង​កំហឹង​ថា​៖

- តើ​ឯង​ជា​មិត្ដភក្ដិ​របស់​អញ​ឬ​ ​? បានជា​ហ៊ាន​ដើរ​ទន្ទឹម​នឹង​អញ​ ​?

កូនសិស្ស​ដើរ​ពីក្រោយ​គ្រូ​វិញ​ ​ត្រូវ​គ្រូ​ស្ដីបន្ទោស​ទៀត​ ​។

-អញ​ពុំ​មែន​ជា​អ្នកទោស​ឯង​ឯណា​ ​? បានជា​ឯង​ដើរ​ពីក្រោយ​អញ​ដើម្បី​ ​បណ្ដើរ​អញ​ ​។

កូនសិស្ស​ឆ្ងល់​ហើយ​សួរ​គ្រូ​៖

-ជម្រាប​លោកគ្រូ​ ​ខ្ញុំ​ដើរ​របៀប​ណា​ក៏​ត្រូវ​គ្រូ​ស្ដីបន្ទោស​ ​សូម​គ្រូ​ប្រាប់​ឱ្យ​ខ្ញុំ​ដឹង​ថា​ ​តើ​ខ្ញុំ​ដើរ​យ៉ាងណា​ទៅ​ទើបត្រូវ​ ​?

លោកគ្រូ​តប​ភ្លាម​៖

-ចុះ​នំ​របស់​អញ​នៅឯណា​ ​?