
មានតែព្រលឹងមួយគត់
ថ្ងៃមួយយមរាជមានជំងឺជាទម្ងន់ ព្រះអង្គក៏បញ្ជាឱ្យយមបាលម្នាក់ឡើងមក ឋានមនុស្ស ដើម្បីអញ្ជើញគ្រូពេទ្យចុះទៅព្យាបាលដោយបញ្ជាក់ថា ៖
ឯងត្រូវជ្រើសរើសគ្រូពេទ្យណាដែលមានព្រលឹងខ្មោចឈរនៅមាត់ទ្វារតិចបំផុត ។
ឡើងមកដល់ឋានមនុស្ស យមបាលខំដើររកស្ទើរគ្រប់ទីកន្លែង តែរកពុំឃើញ គ្រូពេទ្យណាមួយសោះ ព្រោះនៅមុខផ្ទះគ្រូពេទ្យណាក៏មានព្រលឹងខ្មោចរាប់សិបនាក់ទាំងអស់ ។ រៀបនឹងវិលត្រឡប់ទៅវិញ ស្រាប់តែក្រឡេកឃើញនៅមុខផ្ទះ គ្រូពេទ្យម្នាក់នោះមានព្រលឹងខ្មោចតែមួយគត់ យមបាលត្រេងអរយ៉ាងខ្លាំងក៏អញ្ជើញគ្រូពេទ្យនោះទៅតាមភ្លាម។ យមរាជអរណាស់ ក៏សួរគ្រូពេទ្យនោះថា៖
--តើឯងធ្វើគ្រូពេទ្យប៉ុន្មានឆ្នាំហើយ បានជាពូកែយ៉ាងនេះ ?
គ្រូពេទ្យឆ្លើយ៖
---ក្រាបទូល ខ្ញុំទើបតែធ្វើគ្រូបានតែប៉ុន្មានថ្ងៃនេះឯង ហើយក៏ទើបតែព្យាបាលមនុស្សម្នាក់គត់ ឯព្រះអង្គគឺជាអ្នកទីពីរ ៕
