
ស្លៀកខ្លី
ដោយ ៖ ហម វុទ្ធា ថ្ងៃទី 10 កុម្ភះ 2011ម៉ោង 11:09:50
(បទពាក្យប្រាពីរ)
-ស្លៀកខ្លីស្លៀកខំសមចេញរាង ស្លៀកខ្លីនួននាងផ្ទៀងម៉ូដថ្មី
ស្លៀកខ្លីចេញសាច់ៗសខ្ចី ស្លៀកខ្លីចង់ល្បីក្នុងសង្គម ។
-ស្លៀកខ្លីស្លៀកខើចស្លៀកនាំខាត ស្លៀកខ្លីសង្វាតខ្នាតតូចធំ
ស្លៀកខ្លីមិនបាំងឱ្យជិតជុំ ស្លៀកខ្លីនិយមតាមសាសន៍គេ ។
-ស្លៀកខ្លីមិនគិតរឹតគ្រាន់បើ ស្លៀកខ្លីស្លៀកដើរៗរាំរេ
ស្លៀកខ្លីស្លៀកក្លាយចាយសាច់ទ្វេ ស្លៀកខ្លីមាសមេចង់ហ៊ឺហា ។
-ស្លៀកខ្លីៗខ្លាំងចាំងសាច់ភ្លៅ ស្លៀកខ្លីមើលទៅស្លុងកាមា
ស្លៀកខ្លីនាំស្អិតចិត្ដប្រាថ្នា ស្លៀកខ្លីនាំសារឱ្យកាមគុណ ៕
