សងសឹក​

ដោយ​ ៖ ថ្ងៃទី 11 កុម្ភះ 2011ម៉ោង 10:01:50

ក្មេង​ម្នាក់​រៀន​កាត់ដេរ​នឹង​មេជាង​ម្នាក់​ ​រាល់ដង​ឱ្យ​តែ​គ្រូ​និង​សិស្ស​ទៅ​វាស់​ ​កាត់​ខោអាវ​ឱ្យ​គ្រួសារ​មួយ​ហើយ​ ​ម្ចាស់ផ្ទះ​តែងតែ​អញ្ជើញ​ហូប​បាយ​ ​មេជាង​តែង​ ​និយាយ​ថា​ ​កូនជាង​ហូប​ឆ្អែត​ក្នុង​ពេល​ធ្វើ​ដំណើរ​ហើយ​ ​។ ម្ល៉ោះហើយ​គាត់​អង្គុយ​ ​ហូប​តែ​ម្នាក់ឯង​ធ្វើ​ព្រងើយ​ ​។ កូនជាង​ក្ដៅចិត្ដ​ណាស់​ ​ក៏​រក​វិធី​សងសឹក​ ​។

ថ្ងៃមួយ​ ​មានគ្រួសារ​មួយ​នោះ​បម្រុង​រៀប​ការ​កូនចៅ​ក៏​ហៅ​ជាងដេរ​នោះ​មក​ ​វាស់​កាត់ដេរ​ខោអាវ​ ​។

កូនជាង​ក៏​ឆ្លៀត​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​នោះ​ជា​មុន​ថា​៖

-គ្រូ​ខ្ញុំ​គាត់​មាន​ជំងឺឆ្កួត​ម្យ៉ាង​ ​ឱ្យ​តែ​ដល់​ពេល​ឆ្កួត​ម្ដងៗ​ជួប​អ្នក​ណា​ក៏​គាត់​ខាំ​ ​ដែរ​ ​។

-បើ​អ៊‌ីចឹង​យើង​លែង​ហ៊ាន​ជួល​គាត់​ហើយ​ ​។

-ក្នុងភូមិ​នេះ​គ្មាន​ជាង​ណា​ដេរ​ស្អាត​ដូច​គាត់​ទេ​ ​។ ឯ​ជំងឺឆ្កួត​របស់​គាត់​ ​គឺ​ងាយ​ ​ព្យាបាល​បំផុត​ ​គឺថា​ ​ឱ្យ​តែ​ឃើញ​គាត់​ទះៗ​កន្ទេល​ភ្នែក​គ្រលៀស​ឡើង​លើ​នោះ​ជា​ ​សញ្ញា​ថា​ ​គាត់​ជិត​ដល់​ពេល​ឆ្កួត​ហើយ​ ​ពេល​នោះ​ ​គ្រាន់តែ​យក​អង្កត់អុស​សំពង​ ​គាត់​យ៉ាង​ខ្លាំងៗ​បួន​ប្រាំ​អង្កត់អុស​ទៅ​គាត់​នឹង​ជា​វិញ​ភ្លាម​។

ម្ចាស់ផ្ទះ​ក៏​រៀបចំ​អង្កត់អុស​ទុកជា​ស្រេច​ ​ទើប​អញ្ជើញ​ជាងដេរ​នោះ​មក​ ​។ វាស់​កាត់​មួយ​ព្រឹក​គ្មាន​រឿង​អ្វី​កើតឡើង​ ​។ ហូប​បាយ​រួច​ជាង​នេះ​ក៏​យកដៃ​ទះៗ​ ​កន្ទេល​ដើម្បី​រក​កន្ដ្រៃ​ ​។ ឃើញ​ដូច្នេះ​ ​ម្ចាស់ផ្ទះ​ក៏​នាំ​គ្នា​យក​អង្កត់អុស​មក​សំពង​ ​គាត់​ផ្ទួនៗ​ខ្លាំងៗ​ ​។ ទ្រាំ​មិន​បាន​ ​ជាង​នោះ​ស្រែក​ឡើង​ ​តែ​កាន់តែ​ស្រែក​គាត់​ក៏​កាន់​ ​តែ​ត្រូវ​គេ​សំពង​ខ្លាំង​ថែម​ទៀត​ ​ទ្រាំ​លែង​បាន​ ​គាត់​ស្ទុះ​រត់​មក​ផ្ទះ​វិញ​ ​ក៏​ឃើញ​កូន​ ​ជាង​កំពុង​ឈរ​កាន់​កន្ដ្រៃ​ធ្វើ​ព្រងើយ​ ​៕