
សងសឹក
ដោយ ៖ ថ្ងៃទី 11 កុម្ភះ 2011ម៉ោង 10:01:50
ក្មេងម្នាក់រៀនកាត់ដេរនឹងមេជាងម្នាក់ រាល់ដងឱ្យតែគ្រូនិងសិស្សទៅវាស់ កាត់ខោអាវឱ្យគ្រួសារមួយហើយ ម្ចាស់ផ្ទះតែងតែអញ្ជើញហូបបាយ មេជាងតែង និយាយថា កូនជាងហូបឆ្អែតក្នុងពេលធ្វើដំណើរហើយ ។ ម្ល៉ោះហើយគាត់អង្គុយ ហូបតែម្នាក់ឯងធ្វើព្រងើយ ។ កូនជាងក្ដៅចិត្ដណាស់ ក៏រកវិធីសងសឹក ។
ថ្ងៃមួយ មានគ្រួសារមួយនោះបម្រុងរៀបការកូនចៅក៏ហៅជាងដេរនោះមក វាស់កាត់ដេរខោអាវ ។
កូនជាងក៏ឆ្លៀតទៅប្រាប់ម្ចាស់ផ្ទះនោះជាមុនថា៖
-គ្រូខ្ញុំគាត់មានជំងឺឆ្កួតម្យ៉ាង ឱ្យតែដល់ពេលឆ្កួតម្ដងៗជួបអ្នកណាក៏គាត់ខាំ ដែរ ។
-បើអ៊ីចឹងយើងលែងហ៊ានជួលគាត់ហើយ ។
-ក្នុងភូមិនេះគ្មានជាងណាដេរស្អាតដូចគាត់ទេ ។ ឯជំងឺឆ្កួតរបស់គាត់ គឺងាយ ព្យាបាលបំផុត គឺថា ឱ្យតែឃើញគាត់ទះៗកន្ទេលភ្នែកគ្រលៀសឡើងលើនោះជា សញ្ញាថា គាត់ជិតដល់ពេលឆ្កួតហើយ ពេលនោះ គ្រាន់តែយកអង្កត់អុសសំពង គាត់យ៉ាងខ្លាំងៗបួនប្រាំអង្កត់អុសទៅគាត់នឹងជាវិញភ្លាម។
ម្ចាស់ផ្ទះក៏រៀបចំអង្កត់អុសទុកជាស្រេច ទើបអញ្ជើញជាងដេរនោះមក ។ វាស់កាត់មួយព្រឹកគ្មានរឿងអ្វីកើតឡើង ។ ហូបបាយរួចជាងនេះក៏យកដៃទះៗ កន្ទេលដើម្បីរកកន្ដ្រៃ ។ ឃើញដូច្នេះ ម្ចាស់ផ្ទះក៏នាំគ្នាយកអង្កត់អុសមកសំពង គាត់ផ្ទួនៗខ្លាំងៗ ។ ទ្រាំមិនបាន ជាងនោះស្រែកឡើង តែកាន់តែស្រែកគាត់ក៏កាន់ តែត្រូវគេសំពងខ្លាំងថែមទៀត ទ្រាំលែងបាន គាត់ស្ទុះរត់មកផ្ទះវិញ ក៏ឃើញកូន ជាងកំពុងឈរកាន់កន្ដ្រៃធ្វើព្រងើយ ៕
