
ឆ្នេរសមុទ្រកម្ពុជាក្លាយជាឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក
ដោយ ៖ យឺន ពន្លឺ ថ្ងៃទី 12 កុម្ភះ 2011ម៉ោង 08:28:42
ភ្នំពេញ៖ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសឆ្នេរសមុទ្រដែលស្អាតជាងគេនៅទីក្រុងកាហ្សែសតំបន់ក័រសប្រទេស បារាំងមកឆ្នេរសមុទ្រកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិក្នុងក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក ដោយការបោះឆ្នោតនោះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១១ កន្លងទៅ។
ការដាក់បញ្ជូលឆ្នេរសមុទ្រកម្ពុជា ជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកនោះ រាជរដ្ឋាភិបាលបានសម្រេច បង្កើតគណៈកម្មការអន្ដរជាតិក្រសួង ដែលមានលោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងតំណាងជាប្រធានលោកបណ្ឌិត ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងបរិស្ថានជាអនុប្រធាន និងលោក ថោង ខុន ជារដ្ឋមន្ដ្រីក្រសួងទេសចរណ៍ជាអនុប្រធានអចិន្ដ្រៃយ៍។
លោក អ៊ឹម ឈុនលឹម បានមានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១ នៅក្រសួងទេសចរណ៍ថា គណៈកម្មការអន្ដរក្រសួងនេះមានតួនាទីសហការជាមួយក្រុមប្រឹក្សាភិបាលក្លឹបដើម្បីជំរុញការដាក់់បញ្ចូលឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបត្រៀម រៀបចំទទួលទស្សនកិច្ចរបស់គណៈប្រតិភូក្លឹប និងរៀបចំសំណុំឯកសារដាក់ជូនក្រុមប្រឹក្សាភិបាលក្លឹបសម្រេច។
លោកបានបន្ដទៀតថា យើងបានស្នើដាក់បញ្ជូលឆ្នេរសមុទ្រកម្ពុជាទាំងមូល កាត់ខេត្ដចំនួន៤រួមមានខេត្ដកោះកុង , ខេត្ដព្រះសីហនុ , ខេត្ដកំពត និងខេត្ដកែប ដែលមានប្រវែង៤៤០គីឡូម៉ែត្រ ក្រោមឈ្មោះរួមថា ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay-La Baie du Cam bodge)។
លោក ថោង ខុន បានមានប្រសាសន៍ក្នុងឱកាសនោះដែរថា យើងជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនេះ នឹងផ្ដល់ផលប្រ យោជន៍ជាអាទិ៍គឺទី១. ចូលរួមគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្ដរភាព និងការទទួលខុសត្រូវនៅតំបន់ឆ្នេរ ទី២. បង្កើតកម្លាំងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងទី៣. ក្លឹបទទួលស្គាល់ឈ្មោះឆ្នេរសមុទ្រ កម្ពុជាជាផ្លូវការដែលនឹងផ្ដល់អំណោយ ផលល្អសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា លើឆាកអន្ដរជាតិ។
លោកមានប្រសាសន៍ត្រួសៗពីប្រវត្ដិក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកថា ក្លឹបនេះត្រូវបានង្កើតឡើងជាផ្លូវការនៅក្នុងឆ្នាំ១៩៩៧ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលស្ថិតក្រោមការគាំទ្ររបស់អង្គការយូណេស្កូក្នុងគោលបំណងចំនួន៣រួមមានទី១. សម្រួលការដោះដូរបទពិសោធន៍រវាងសមាជិកលើបណ្ដាបរិស្ថានសង្គមសេដ្ឋកិច្ច និងទេសចរណ៍ធ្វើការចែករំលែកអំពីលទ្ធផលស្រាវជ្រាវ និងសិក្សាបែបវិទ្យាសាស្ដ្រនានាទាក់ទងនឹងការអភិវឌ្ឍ និងអភិរក្សដោយឈរលើគោលការណ៍ និរន្ដរភាពដល់សមាជិក។ ទី២. ជំរុញការដោះដូរបទពិសោធន៍ និងជំនាញរវាងសមាជិកលើការងារផ្សព្វផ្សាយទេសចរណ៍ និងទី៣. ជំរុញឱ្យមានការភ្ជាប់ទំនាក់ ទំនងនិងផ្លាស់ប្ដូររវាងប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រជាសមាជិកលើការងារវប្បធម៌ និងកីឡា។ល។
បច្ចប្បន្នក្លឹបនេះ មានសមាជិក២៤ប្រទេស និងតំបន់ស្វយ័តមានដូចជា ទ្វីបអាហ្វ្រិកមានចំនួន៦ប្រទេស ទ្វីបអាមេរិកមានចំនួន៧ប្រទេស ទ្វីបអាស៊ីមានចំនួន៥ប្រទេស និងទ្វីបអឺរ៉ុបមានចំនួន៧ប្រទេសដែលនោះរួមមាន៣២ឆ្នេរ និងទីស្នាក់ការអចិន្ដ្រៃយ៍នៅទី ក្រុងវ៉ាន់ (Vannes) ប្រទេសបារាំង ហើយប្រទេសកម្ពុជាយើងជាសមាជិកទី៣៣ហើយរបស់ក្លឹបនេះ៕
