ត្រកូល​កំណាញ់​

ដោយ​ ៖ |ថ្ងៃទី 12 កុម្ភះ 2011 ម៉ោង 17:02:38

មាន​តា​កំណាញ់​ម្នាក់​មានកូន​ប្រសា​ប្រុស​ពីរ​នាក់​ ​ក៏​ជា​អ្នក​ម៉ៅ​ស្វិត​ដូច​ ​គាត់​ដែរ​ ​។ ជា​ធម្មតា​ ​តាម​ទំនៀមទម្លាប់​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ ​កូនៗ​ត្រូវ​យក​ ​ជំនូន​មក​ជូន​ឪពុក​ម្ដាយ​របស់​ខ្លួន​ ​និង​ឪពុក​ម្ដាយក្មេក​ ​។ កូនប្រសា​ទាំង​ពីរ​នាក់​ ​នេះ​ ​ទោះជា​កំណាញ់​យ៉ាងណា​ក៏​មិន​អាច​បំភ្លេច​ប្រពៃណី​នេះ​បាន​ដែរ​ ​តែ​គេ​ ​ម្នាក់ៗ​ខិតខំ​រិះគិត​ធ្វើ​យ៉ាងណា​ឱ្យ​អស់ប្រាក់​យ៉ាងតិច​បំផុត​ ​។

កូនប្រសា​ច្បង​រក​ទិញ​បាន​គំនូរ​ពណ៌​ដ៏​វិចិត្រ​មួយ​ផ្ទាំង​ ​ពោល​គឺ​មាន​រូប​គោ​ ​ជ្រូក​ ​មាន់​ ​ទា​ ​ផ្លែ​ឈើ​ ​ស្រា​ ​។ល។ រួច​នាំ​ប្រពន្ធ​ខ្លួន​ទៅ​កាន់​ផ្ទះ​ឪពុកក្មេក​ ​។ ពេល​ ​កូនប្រសា​ច្បង​មក​ដល់​ផ្ទះ​ឪពុកក្មេក​ ​កូនប្រសា​ប្អូន​ក៏​មក​ដល់​ល្មម​ ​ដោយ​មាន​ ​លាក់​វត្ថុ​អ្វីមួយ​ក្នុង​អាវ​ផង​។​ ​តា​កំណាញ់​អង្គុយ​លើ​ក្ដារងឿ​យ៉ាង​សមរម្យ​ ​ដើម្បី​ ​រង់ចាំ​ទទួល​ជំនូន​របស់​កូនប្រសា​ទាំង​ពីរ​ ​។

គាត់​និយាយ​ទៅ​កាន់​កូនប្រសា​ច្បង​៖

- កូន​បាន​អ្វី​មក​ជូន​ពុក​ ​?

កូនប្រសា​ច្បង​ឆ្លើយ​៖

- ឆ្នាំ​នេះ​ ​កូន​ក្រ​ណាស់​ពុក​អើយ​ ​! កូន​មាន​តែ​គោ​បួន​នឹម​ ​ជ្រូក​មួយគូ​ ​មាន់​ ​ទា​ ​ផ្លែ​ឈើ​ ​និង​ស្រា​តែ​ប៉ុណ្ណោះ​ទេ​យក​មក​ជូន​ពុក​ ​ដូច្នេះ​សូម​ពុក​មេត្ដា​ទទួលយក​ ​ជំនូន​ដ៏​សាមញ្ញ​ទាំងនេះ​ ​ព្រមទាំង​ឱ្យ​ពរ​សព្ទសាធុការ​យ៉ាង​កក់ក្ដៅ​ពី​សន្ដាន​ចិត្ដ​ ​កូន​ ​នៅ​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ផង​ចុះ​ ​!

និយាយ​ចប់​ ​នាយ​ក៏​យក​ផ្ទាំងគំនូរ​ពី​ក្នុង​ហោប៉ៅ​ចេញ​មក​ ​ហើយ​ទ្រ​ដោយ​ដៃ​ ​ទាំង​ពីរ​ ​លើក​ទៅ​ជូន​ឪពុកក្មេក​ ​។

តា​កំណាញ់​ទទួលយក​ហើយ​និយាយ​ទាំង​ក្ដី​រំភើប​ថា​៖

-ប្រសើរ​ណាស់​ ​ពុក​ត្រេកអរ​ណាស់​ ​។ ប៉ុន្ដែ​ពុក​សូម​រំលឹក​កូន​បន្ដិច​ ​ដ្បិត​កូន​ ​ក្រ​យ៉ាង​ហ្នឹងហើយ​នៅ​តែ​ខំ​ទិញ​របស់របរ​ច្រើន​ម្លឹ​ងៗ​មក​ជូន​ពុក​ ​តាម​គំនិត​ពុក​ ​គឺ​កូន​មិន​ទាន់​ចេះ​សន្សំ​សំចៃ​ ​រួច​គាត់​ក៏​បែរមក​រក​កូនប្រសា​ប្អូន​៖

-ចំណែក​កូន​ខាង​នេះ​ ​តើ​បាន​អ្វី​ជូន​ពុក​ដែរ​ ​?

ពេល​នោះ​កូនប្រសា​ប្អូន​ក៏​រំកិល​ខ្លួន​ចូល​ជិត​ឪពុកក្មេក​រួច​លូក​យក​មែកឈើ​ ​មួយ​កំណាត់​ ​ដែល​នាយ​ខំ​លាក់​ក្នុង​អាវ​ចេញ​មក​គូសវាស​យ៉ាង​រហ័ស​លើ​ផ្ទៃដី​ ​នូវ​រូប​សត្វ​ផ្សេងៗ​ ​និង​ផ្លែ​ឈើ​នានា​ដែល​មាន​មាឌធំៗ​ជាងគំនូរ​របស់​កូនប្រសា​ ​ច្បង​ទៅ​ទៀត​ ​។

- នេះ​ពុក​ ​ទាំង​អស់នេះ​គឺជា​របស់របរ​ដែល​កូន​សូម​ជូន​ពុក​ ​ព្រមទាំង​សព្ទ​ ​សាធុការពរ​របស់​កូន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ ​។ សូម​ពុក​អភ័យទោស​ឱ្យ​កូន​ផង​ ​ដោយ​មក​ពី​ទីធ្លា​ផ្ទះ​ពុក​តូច​ពេក​កុំ​អី​កូន​យក​គោ​ ​ជ្រូក​ ​មាន់​ ​ទា​ធាត់​លើស​នេះ​ ​ទៀត​មក​ជូន​ពុក​ ​។

-ប្រពៃ​ណាស់​ ​(ឪពុកក្មេក​និយាយ​) ឯង​ពិតជា​មានគំនិត​ជឿនលឿន​ជាង​បង​ឯង​ ​ច្រើន​ណាស់​ ​។ ប៉ុន្ដែ​ពុក​ឃើញ​ថា​ ​កូន​ក៏​នៅ​តែ​មិន​ទាន់​ចេះ​សន្សំ​សំចៃ​ដែរ​ ​។ ចំណែក​ពុក​ដើម្បី​តប​ទៅ​នឹង​កតញ្ញូតា​របស់​កូនៗ​ ​ពុក​សូម​អញ្ជើញ​កូន​សំឡាញ់​ ​ទាំងអស់​ផឹកស្រា​មួយ​កែវ​ម្នាក់​ជាមួយ​ពុក​ណា​ ​!

ពោល​ចប់​ ​គាត់​ធ្វើ​កាយវិការ​ដូច​ជា​ចាក់​ស្រា​ដាក់​កែវ​រូ​ច​លើក​ឡើង​ផឹក​មួយ​ ​ក្អឹ​ក​យ៉ាង​ឆ្ងាញ់​ ​។ កូនប្រសា​ទាំង​ពីរ​ក៏​ឧទាន​តិចៗ​ថា​ ​តា​នេះ​សមជា​ឪពុកក្មេក​ខ្លួន​ ​មែន​ ​ពោល​គឺ​មហា​កំណាញ់​ផុត​លេខ​តែ​ម្ដង​ ​៕