
ថោង ខុន៖ ស៊ីហ្គេមលើកនេះឈប់យកមេដាយប្រាក់ និងសំរឹទ្ធិប្ដូរយកមេដាយមាសឱ្យបានច្រើនវិញម្ដង
ដោយ ៖ យឺន ពន្លឺ ថ្ងៃទី 17 កុម្ភះ 2011ម៉ោង 08:31:23
ភ្នំពេញ៖ កិច្ចពិភាក្សាធ្វើយ៉ាងណាដើម្បីទទួលបានមេដាយមាស សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៦ ដែលនឹងចាប់ផ្ដើមក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ខាងមុខនៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានលើកឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញ ហើយក្នុងឱកាសនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងធ្វើការលើកទឹកចិត្ដចំពោះដៃគូសហការដែលមានសកម្មភាពចូលរួមបំផុសចលនាកីឡារបស់អូឡាំពិក ពិសេសចំពោះសហព័ន្ធលេចធ្លោ និងបណ្ដាញផ្សព្វផ្សាយដែលប្រកបដោយវិជ្ជាជីវៈ។
ដោយមានលោកនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានទទួលរង្វាន់ IOC trophy BI IOC រីឯគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនលិខិតសរសើរដល់ទូរទស្សន៍ប៉ុស្ដិ៍បាយ័ន និងកាសែតភ្នំពេញប៉ុស្ដិ៍ ដែលស្ថាប័នទាំងពីរនេះ បានចូលរួមគ្រប់សកម្មក្នុងការផ្សព្វផ្សាយ និងមានល្បឿនលឿនជាងគេហើយប្រកបដោយកម្រិតវិជ្ជាជីវៈខ្ពស់ឯករាជ្យ និងប្រើប្រាស់ពាក្យពេចន៍បច្ចេកទេសក្នុងកីឡាបានត្រឹមត្រូវ។ មហាសន្និបាតនេះ ស្ថិតនៅក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅសណ្ឋាគារណាហ្គាវើលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ ថ្មីៗនេះ។
មហាសន្និបាតវិសាមញ្ញនេះបានផ្ដោតទៅលើមធ្យោបាយដែលធ្វើឱ្យទទួលបានមេដាយច្រើន ជាពិសេសមេដាយ មាសក្រោយពីទទួលបានមេដាយចំនួន៤០ ពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសឡាវ កាលពីឆ្នាំ២០០៩ តែភាគច្រើនសុទ្ធជាមេដាយសំរឹទ្ធិ។
លោក ថោង ខុន បានមានប្រសាសន៍អំពីរង្វានី់ឿជអន្ដរជាតិថា ពានរង្វាន់ IOC Trophy នេះ ជាពានរង្វាន់ដែលកម្រនឹងមានអ្នកណាទទួលបានណាស់ ពីព្រោះអ្នកនោះត្រូវឆ្លងកាត់ការពិនិត្យ និងអង្កេតពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិយ៉ាងត្រឹមត្រូវ។ លោកបានបញ្ជាក់ថា នេះអាចចាត់ទុកជាមោទនភាពជាប្រវត្ដិសាស្ដ្រមួយរបស់កម្ពុជា ព្រោះនៅកម្ពុជាមិនទាន់មាននរណាម្នាក់ទទួលបានពានរង្វាន់នេះនៅឡើយ កាលពីពេលកន្លងមក។
លោកប្រធានគណៈកម្មាធិការជាតិអូឡាំពិក បានថ្លែងនៅក្នុងអង្គពិធី ដែលមានសហព័ន្ធកីឡាចំនួន៣៣ចូលរួមដែលក្នុងនោះមាន កីឡាអូឡាំពិកចំនួន១៨ និងកីឡាមិនមែនអូឡាំពិកចំនួន១៥ថា “ខ្ញុំចង់ឱ្យសហព័ន្ធកីឡាទាំងអស់ស្វែងរកដៃគូរបស់ខ្លួន ហើយត្រូវតែកំណត់គោលដៅច្បាស់លាស់ និងត្រូវតែធានាឱ្យបាននូវការគ្រប់គ្រងដែលមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។ លោកបានបន្ដទៀតថា អស់រយៈពេលជាងមួយឆ្នាំ នៃអាណត្ដិទី៥ សម្រាប់ឆ្នាំ២០០៩-២០១៣ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យើងបានខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់មួយជំហានម្ដងៗរបស់ខ្លួនឈានទៅរកគុណភាព និងសមត្ថភាពដឹកនាំចលនាអូឡាំពិកប្រកបដោយប្រសិទ្ធភាព និងជាសមិទ្ធផលគួរជាទីមោទនៈ ដែលបានកើតឡើងរយៈពេលមួយឆ្នាំកន្លងមកពិតជាបានមកពីការរួមចំណែករបស់លោក អស់លោក លោកស្រីថ្នាក់ ដឹកនាំមន្ដ្រីកីឡា និងកីឡាករ កីឡាការិនីទាំងអស់។
លោក ថោង ខុន បានបន្ដែមទៀតថា ផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាពការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងឆ្នាំ២០១១ គឺសំដៅពង្រឹងកិច្ចសហប្រតិបត្ដិការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយអាជ្ញាធរកីឡាសហព័ន្ធកីឡាស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត។
ទន្ទឹមនឹងនោះដោយមានការណែនាំពីអូឡាំពិកអន្ដរជាតិ IOC យើងក៏នឹងពិនិត្យដើម្បីធ្វើវិសោធនកម្មធម្មនុញ្ញ គណៈកម្មាធិការជាតិអូឡាំពិកឡើងវិញ ដើម្បីឱ្យបានសមស្របនិងសភាពការណ៍ថ្មីផងដែរ។
លោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ចាក់ថា៖ សភាពការណ៍វិវឌ្ឍន៍នៃចលនាអូឡាំពិកពិសេសគោលការណ៍ថ្មីៗរបស់ IOC-OCA ជំរុញឱ្យសកម្មភាពកីឡាក្លាយជាចលករដ៏មានប្រសិទ្ធភាពក្នុងការកសាងពិភពលោកមួយល្អប្រសើរ មានសុខសន្ដិភាព គ្មានអំពើហិង្សា ការពារបរិស្ថាន ផ្ដល់ការអប់រំ និងមានសុខដុមរមនាក្នុងសង្គមជាតិនីមួយៗ៕
