
ស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បុរសដែលមាន ប្រពន្ធ៣៩នាក់
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 23 កុម្ភះ 2011ម៉ោង 11:05:49
លោក Ziona Chana អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិបាក់វ៉ាង រដ្ឋមីសូរ៉ាម ប្រទេសឥណ្ឌាបានបំបែកឯកទកម្មពិភពលោក ដោយមានប្រពន្ធរហូតដល់ ៣៩នាក់ កូន៩៤នាក់ ចៅ៣៣នាក់ ក្រៅពីនេះនៅមានកូនប្រសា១៤នាក់ទៀតផង ។
រឿងពិសេសដែលគេចាប់អារម្មណ៍បំផុតនោះ គឺមហាគ្រួសាររបស់លោ ដែលមានសមាជិករហូតដល់១៨១នាក់ រស់នៅរួមគ្នាក្នុងផ្ទះតែមួយ ដែលមានកម្ពស់៤ជាន់ មាន១០០បន្ទប់ ។ ផ្ទះសមរម្យដែលសាងសង់ឡើងនៅខ្ពង់រាប ភូមិបាក់វ៉ាង ។ បន្ទប់ស្នាក់នៅត្រូវរៀបចំឡើងតាមលក្ខណៈរួមមានគ្រែជា ច្រើន ដើម្បីឱ្យប្រពន្ធនីមួយៗនិងកូនរស់នៅជាមួយគ្នា ។
លោកចាណាបាននិយាយទៅកាន់ សារព័ត៌មាន The Sun ថា “ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំដូចជាកូនរបស់ព្រះជាម្ចាស់ដែលបានប្រទានប្រពន្ធជាច្រើន ដល់រូបខ្ញុំដើម្បីមើលថែ ។ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្លួនខ្ញុំជាបុរសដែលមានភ័ព្វសំណាងបំផុតមានប្រពន្ធរហូតដល់៣៩នាក់ ។ អ្វីដែលធ្វើឱ្យខ្ញុំកាន់តែមានមោទនភាពទៀតនោះ គឺខ្ញុំជាមេគ្រួសាររបស់មហាគ្រួសារដ៏ធំបំផុតនៅលើពិភពលោក ” ។
ដើម្បីគ្រប់គ្រងមហាគ្រួសារដែលមានសមាជិកជិត ២០០នាក់របស់ខ្លួនបានជោគជ័យ លោកចាណាបានបង្កើតច្បាប់មួយសម្រាប់គ្រួសារសម្រាប់ ប្រពន្ធទាំងអស់ និងកូនៗរបស់លោកយ៉ាងតឹងតែង ។
ប្រពន្ធម្នាក់ក្នុងចំណោមប្រពន្ធទាំង ៣៩របស់លោកបានរៀបរាប់ថា “ដើម្បីឱ្យមានភាពកក់ក្ដៅទាំងក្នុង ទាំងក្រៅ មហាគ្រួសារយើងបានបង្កើតច្បាប់ ទម្លាប់មួយ គឺត្រូវចេះស្រឡាញ់ និងគោរពគ្នាទៅវិញទៅមក ហើយត្រូវតែគោរពទៅតាមច្បាប់គ្រួសារដែលបានកំណត់ ។ តាមច្បាប់កំណត់នោះប្រពន្ធ ដើមឈ្មោះ Zathiangi ជាអ្នកគ្រប់គ្រងរួមនៅក្នុងគ្រួសារ ។ អ្នកស្រីបានរៀបចំផ្ដល់ការងារដល់ប្រពន្ធទាំងអស់ដូចជា បោសសម្អាតផ្ទះសម្បែង ទៅផ្សារ លាង ចាន ដាំបាយ ធ្វើម្ហូបជាដើម ។
តាមច្បាប់គ្រួសារប្រពន្ធដែលមានវ័យក្មេងជាងគេបំផុតត្រូវស្នាក់នៅក្នុងបន្ទប់ក្បែរលោកចាណា ចំណែកប្រពន្ធវ័យចាស់ៗស្នាក់នៅបន្ទប់ឆ្ងាយបន្ដិច។ ពេលវេលាដែលលោកស្និទ្ធស្នាលជាមួយប្រពន្ធទាំងអស់ ក៏ត្រូវមានកាលវិភាគច្បាស់លាស់មិនឱ្យច្រណែនគ្នាឡើយ ។
គេបានដឹងថា សម្រាប់មួយពេលបាយនៅក្នុងមហាគ្រួសារលោកចាណា ត្រូវចំណាយដំឡូងបារាំង៦០គីឡូក្រាម អង្ករ៩០គីឡូក្រាម និងមាន់៣០ក្បាល។
លោកចាណាក៏ជាមេដឹកនាំសាសនា មួយដែលអនុញ្ញាតឱ្យមានប្រពន្ធច្រើនតាមការចង់បាន ។ ប្រពន្ធទាំងអស់ របស់លោកសុទ្ធតែស្ម័គ្រចិត្ដរួមរស់ ជាមួយលោកទាំងអស់ ។
ទោះបីអាយុច្រើន ប៉ុន្ដែលោកចាណា នៅមានបំណងទៅកាន់អាមេរិក ដើម្បីស្វែងរកប្រពន្ធបន្ថែមទៀត ៕
