មនុស្ស​អំណួត​ពីរ​នាក់​

ដោយ​ ៖ ថ្ងៃទី 24 កុម្ភះ 2011ម៉ោង 11:09:33

មាន​អ្នកមាន​ម្នាក់​ចូល​ចិត្ដ​អួតអាង​ពី​ទ្រព្យសម្បត្ដិ​របស់​ខ្លួន​ ​។ ថ្ងៃមួយ​ ​គាត់​បាន​រៀបចំ​ធ្វើបុណ្យ​បង្សុកូល​ជូន​ឪពុក​គាត់​យ៉ាង​អធិកអធម​ ​។ គាត់​ទិញ​ ​បាន​ជ្រូក​ធាត់​មួយ​ក្បាល​បម្រុង​នឹង​កាប់​ធ្វើ​ម្ហូប​ក្នុង​ថ្ងៃ​បុណ្យ​នោះ​ ​តែ​ដោយ​ ​ធ្វេសប្រហែស​ពេក​ ​ជ្រូក​១​ក្បាល​នោះ​ក៏​របូត​ខ្សែ​រត់​បាត់​ ​។ គាត់​ខំ​ដើរ​រក​គ្រប់​ ​ទីកន្លែង​ ​ហើយ​ក៏​បាន​ជួបនឹង​បុរស​អំណួត​ម្នាក់​ទៀត​ ​គាត់​ក៏​សួរ​ថា​៖​

- បង​ ​! ថ្ងៃនេះ​ជា​ថ្ងៃ​សែន​ឪពុក​ខ្ញុំ​ ​ខ្ញុំ​បម្រុង​កាប់​ជ្រូក​មួយ​ក្បាល​យ៉ាង​ធំ​ ​ព្រោះ​ខ្ញុំ​ចង់​អញ្ជើញ​បងប្អូន​ញាតិ​មិត្ដ​យ៉ាងច្រើន​បំផុត​មក​ចូលរួម​ ​តើ​បង​មាន​ ​ឃើញ​ជ្រូក​១​ក្បាល​ដ៏​ធាត់​របស់ខ្ញុំ​ទេ​ ​?

បុរស​អំណួត​ទី​២​ ​ដែល​កំពុង​ពាក់អាវ​ថ្មី​ ​ក៏​លើក​ជាយ​អាវ​ឡើង​បង្ហាញ​ហើយ​ ​ឆ្លើយ​ថា​៖

- តាំងពី​ពេល​ដែល​ខ្ញុំ​ពាក់អាវ​ថ្មី​ ​ដែល​ត្បាញ​ពី​សូត្រ​ដ៏​មាន​តម្លៃ​បំផុត​នេះ​ ​ដូច​បង​ឃើញ​ស្រាប់​រហូត​មក​ដល់​ពេល​នេះ​ ​ខ្ញុំ​មិន​បានឃើញ​ជ្រូករ​បស់បង​រត់​ ​កាត់​ទី​នេះ​ទេ​ ​៕