
ហូបតាមចំណង់
នារីម្នាក់មានប្ដីជាជនល្មោភស៊ី ឱ្យតែអង្គុយចូលតុ គឺគិតតែពីចាប់ស៊ីៗគ្មាន គិតដល់អ្នកណាទាំងអស់ ។ នារីនោះខ្មាសគេណាស់ ខំរំលឹកប្ដីច្រើនដងច្រើន គ្រា តែប្ដីនៅតែពុំអាចកែបាន ។ ថ្ងៃមួយ នៅផ្ទះឪពុកនារីនោះមានពិធីជប់ លៀង។ ទាំងពីរនាក់ប្ដីប្រពន្ធក៏ចូលរួមដែរ ខ្លាចប្ដីហូបចុកតាមទម្លាប់ចាស់ នឹងនាំ ឱ្យខ្មាសបងប្អូនញាតិមិត្ដ នាងក៏រកបានមធ្យោបាយមួយ គឺយកខ្សែមួយមកចងក ជើងប្ដីម្ខាង ក្បាលខ្សែម្ខាងទៀតនាងកាន់រួចនិយាយប្រាប់ប្ដីថាៈ
-ពេលណាខ្ញុំកន្ដ្រាក់ខ្សែសឹមចាប់ម្ហូបម្ដង។ ប្ដីងក់ក្បាលយល់ព្រម ។
ពេលអង្គុយចូលតុលើកនេះ គេឃើញនាយនេះហូបចុកមួយៗយ៉ាងរាបសា។ នាងប្រពន្ធនៅឯផ្ទះបាយធ្វើម្ហូបបណ្ដើរកន្ដ្រាក់ខ្សែបណ្ដើរ ។ ជួនកាលរវល់ធ្វើ ការពេក នាងភ្លេចកន្ដ្រាក់ខ្សែ នាយប្ដីអង្គុយស្ងៀមសម្លឹងម្ហូបទាំងចំណង់ ។ ឪពុក ក្មេកត្រូវចាប់ម្ហូបដាក់ចានឱ្យនាយផង ។ ហូបបានមួយសន្ទុះ មានមាន់មួយរត់កាត់ ទាក់ជើងនឹងខ្សែនោះ វាខំកន្ដ្រាក់ជើងចេញពីខ្សែ តែពុំរួច។ នាយប្ដីកំពុងអង្គុយ ឃើញខ្សែកន្ដ្រាក់ញាក់ញាប់ស្អេកក៏ខំចាប់ម្ហូបស៊ីញាប់ដែរ ។ ឃើញខ្សែរឹតតែ ញាក់ខ្លាំងថែម នាយស្មានថាប្រពន្ធចង់ឱ្យខ្លួនហូបតាមចំណង់ គាត់ក៏ចាប់លើកទាំងចានម្ហូបមកហូបតែម្ដង៕
