មិត្ដសំឡាញ់

ដោយ​ ៖ ទិល ចាន់លីន ថ្ងៃទី 09 មីនា 2011ម៉ោង 10:41:13

                                            (បទពាក្យប្រាំបី)

-នៅហាងបាយក្បែររោងភាពយន្ដលុច្ស           រវល់ជ្រមុជនឹងលក់កាសែត

កង់ក្បែរបង្គោលភ្លើងដួលឥតហេតុ                 ឡានជាន់សំប៉ែតខូចជិះមិនបាន។

 

-ថ្ងៃសៅរ៍ដប់ប្រាំខែមករា                             ថ្ងៃកើតហេតុការណ៍ខ្លួនស្ទើរខកខាន

២០១១ដោយសារតែឡាន                         កិច្ចការចំណានប្រគល់ជូនគ្រូ ។

 

-កង់ជិះមិនបានសន្ដានគាត់ល្អ                      ម្ចាស់ឡានស្មោះសឥតមានរអ៊ូ

លួងលោមចិត្ដខ្ញុំគាត់ឱ្យម្ភៃដូ                        ថ្លៃជួសជុលប្ដូរទោចក្រយាន។

 

-កិច្ចការលោកគ្រូគាត់យកថ្ងៃហ្នឹង                  រិះរេថ្លែងថ្លឹងដោះបញ្ហារៀន

កង់ជិះមិនបានគ្មានអ្វីជាស្ពាន                       ប្រហែលជាគ្មានបានជួបគ្រូទេ។

 

-តែនឹកឃើញមិត្ដស្និទ្ធចិត្ដសំឡាញ់                 ឱ្យខ្ញុំមិនចាញ់ព្រោះមានរូបគេ

ខ្ញុំ ជាលល ហៅមិត្ដ មិត្ដថា OK                     មិត្ដគិតគ្នាន់គ្នេរជួយទោះសិក្សា។

 

-ពេលមិត្ដមកដល់កង្វល់ឃ្លាតឆ្ងាយ               បានមិត្ដខ្វល់ខ្វាយដោះស្រាយបញ្ហា

មិត្ដឱ្យខ្ញុំឡើងម៉ូតូឆាប់រ៉ា                              យកកង់ពិការទៅទីជួសជុល។

 

-ដល់ទីជួសជុលត្រូវទៅសាលា                     ដល់ថ្នាក់សិក្សាម៉ោងមិនជ្រួសជ្រុល

ប្រគល់កិច្ចការជូនគ្រូនិមល                         ឯមិត្ដគ្មានពុលបញ្ហារៀនឡើយ។

 

-កង់ជួសជុលបានបន្ដកិច្ចការ                       មិត្ដយកអាសាអស់កង្វល់ហើយ

អរគុណណាស់មិត្ដសំឡាញ់ត្រាណត្រើយ        គ្រានោះខ្ញុំស្បើយព្រោះមិត្ដសំឡាញ់៕

 

                                                                         (សិស្សសមាគមអ្នកនិពន្ធខ្មែរ)