
ធ្វើអ៊ីចឹងកូនធ្វើពុំបានទេ
ដោយ ៖ ថ្ងៃទី 09 មីនា 2011ម៉ោង 11:00:14
មានជនខ្លៅម្នាក់ចង់បានប្រពន្ធ ។ ថ្ងៃមួយត្រូវទៅបម្រើខាងស្រី ។ ឪពុក ម្ដាយនាយក៏ប្រាប់ថាៈ ចង់ឱ្យឪពុកក្មេកស្រឡាញ់ គឺងាយសោះឱ្យតែឃើញគាត់ ធ្វើអីកូនឯងធ្វើតាមគាត់ទៅ ។
មកដល់ផ្ទះខាងស្រី នាយធ្វើតាមពាក្យទូន្មានរបស់ឪពុកម្ដាយទាំងស្រុង ។ ពេលអង្គុយហូបបាយជាមួយនឹងឪពុកក្មេក គាត់ចាប់សាច់ នាយនោះក៏ចាប់សាច់ ឪពុកក្មេកចាប់ជី នាយនោះក៏ចាប់ជី ។ ឪពុកក្មេកទុកឱ្យនាយជ្រលក់ទឹកត្រី នាយក៏ ទុកឱ្យឪពុកក្មេកជ្រលក់ទឹកត្រី មុនដំបូងឪពុកក្មេកនឹងសរសើរថា នាយនេះចេះគួរ សមណាស់ ។ ប៉ុន្ដែក្រោយមកគាត់សង្កេតឃើញថា ឱ្យតែឪពុកក្មេកចាប់ម្ហូបណា គឺ នាយនោះក៏ចាប់ម្ហូបហ្នឹងដែរ ។ ទប់សំណើចពុំបាន គាត់ក៏សើចឃឹកឈ្លក់ចេញសរសៃ នំបញ្ចុកពីច្រមុះគាត់ទាំងសងខាង ។ ឃើញឪពុកក្មេកធ្វើយ៉ាងហ្នឹង នាយក៏ក្រោកឈរ លើកដៃឡើងសំពះហើយនិយាយថាៈ
សូមជំរាបពុក! ធ្វើដូចពុក (គឺធ្វើឱ្យសរសៃនំបញ្ចុកលៀនចេញពីរន្ធច្រមុះ) កូនសូម ចាញ់ហើយ៕
