
កំដៅទឹកត្រី
ដោយ ៖ ថ្ងៃទី 09 មីនា 2011ម៉ោង 11:10:42
មានជនខ្លៅម្នាក់ត្រូវប្រពន្ធសំឡុតជារឿយៗ ។ គាត់ដឹងថា ជាការ អាម៉ាស់មួយដែរ តែដោយពុំដឹងធ្វើយ៉ាងណា ម្ល៉ោះហើយចេះតែខំទ្រាំទៅ ។ ថ្ងៃមួយ មានមិត្ដម្នាក់មកលេង គាត់ក៏អង្វរប្រពន្ធថាៈ
-អូនអា ! ថ្ងៃនេះមានភ្ញៀវ ដូច្នេះអូនឯងទុកឱ្យបងដំឡើងរិទ្ធម្ដង ពោលគឺ នៅចំពោះមុខភ្ញៀវ អូនឯងត្រូវធ្វើតាមបញ្ជាបងទាំងស្រុង ពុំនោះសោតនឹង ថា ស្ដ្រីនៅក្នុងផ្ទះនេះពុំចេះគោរពប្ដីនាំឱ្យអាម៉ាស់ទាំងបងទាំងប្អូនឯងទៀត ផង។ នាងប្រពន្ធឃើញប្ដីអង្វរដូច្នេះ នឹងអាណិត ក៏ព្រមចុះញ៉មប្ដីមួយពេល ដើម្បីឱ្យគេថាជា“ភរិយាគ្រប់ល័ក្ខណ៍” ក៏គ្មានខាតអ្វីដែរ ។ នៅចំពោះមុខភ្ញៀវ ប្ដីបញ្ជាឬស្ដីតាមទំនើងចិត្ដ នាងប្រពន្ធធ្វើតាមទាំងអស់ ឥតប្រឆាំងមួយ ម៉ាត់ឡើយ ។ ស្ពកបាយលើកមកដាក់លើតុ ទោះមានម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខ ក៏ដោយ ក៏ប្ដីនៅតែស្ដីបន្ទោសថាៈ
- សាច់ជ្រូក ខ នេះប្រៃពេញ !
- សាច់មាន់នេះ ម៉េចក៏កាប់យ៉ាងនេះ ?
- ត្រីងៀតនេះឆ្អិនពេកពុំឆ្ងាញ់សោះ !
នាងប្រពន្ធក្ដៅចិត្ដណាស់ទៅហើយ តែនៅតែរួសរាយឆ្លើយឆ្លងដោយសំដី សុភាពជានិច្ច ។ ភ្ញៀវឃើញដូច្នេះ ក៏សរសើរមិត្ដខ្លួនចេះរកបានប្រពន្ធស្លូតល្អ ។ ឬភ្ញៀវសរសើរគាត់ស៊ីជោរ សម្លឹងមកស្ពកម្ហូបម្ដងទៀត ឃើញនៅ សល់តែចានទឹកត្រីមួយដែលគាត់ពុំទាន់ចំអិន គាត់ក៏និយាយខ្លាំងៗថា ៖
នែ ! ទឹកត្រីនេះម៉េចក៏មិនកំដៅ ?
ភ្ញៀវឮសំណួរនោះក៏អស់សំណើចយ៉ាងខ្លាំង ចំណែកនាងប្រពន្ធនឹកខ្មាស់ ពេកទ្រាំពុំបានក៏អូសប្ដីចូលជើងក្រានបាយតែម្ដង៕
