ប្រាសាទព្រះវិហារ

ដោយ​ ៖ ទិល ចាន់លីន ថ្ងៃទី 10 មីនា 2011ម៉ោង 10:40:15

(បទពាក្យប្រាំបី)

 

-មរតកដូនតាតាំងពីបូរាណ               ជាតិថ្កើងថ្កានខ្មែរបានសាងទ្រព្យា

កេរអមតៈប្រាង្គព្រះវិហារ                  ថ្មត្រួតគ្នាក្លាយជាឋានសួគ៌ពិត។

 

-ជួរភ្នំដងរែកពុះជ្រែកសីមា                 ដែនរដ្ឋាប្រាង្គប្រាល្អពិសិដ្ឋ

ប្រាង្គព្រះវិហារគឺជាជីវិត                    ខ្មែរនែបនិត្យប្រឹងគិតរក្សាថែ។

 

-ញើសឈាមដូនតាមិនអាចកាត់ថ្លៃ      ប្រាង្គស្កឹមស្កៃថ្លាថ្លៃជាទ្រព្យខ្មែរ

មានក្សត្រកសាងជាច្រើនហូរហែ          ប្រាំអង្គដែរគ្រប់ផ្ដែរនៃប្រាង្គប្រា។

 

-ប្រាំគោបុរៈស្នាដៃប្រាំអង្គ                   ក្សត្រត្រចង់ផ្ចិតផ្ចង់សាងសិលា

ប្រើពេលយូរទើបបានប្រាង្គអស្ចារ្យ       លើបព្វតាថ្មដាសែនល្បាញល្បី។

 

-ដប់ប្រាំមិថុនាទសវត្សរ៍ហុកពីរ            ខ្មែរមូលមីរនាទីជាតិសិរី

ប្រាង្គព្រះវិហារទ្រព្យខ្មែរបូរី                 ដោយសារក្ដីបានន័យពីឡាអេ។

 

ប្រាំពីរកក្កដាពីរពាន់ប្រាំបី                  ខ្មែរប្រុសស្រីសិរីបានទ្រព្យកេរ

អង្គការយូណេស្កូគិតរិះរេ                   យកខ្មែរកេរជាបេតិកភណ្ឌ។

 

-ចេស្ដាប្រាសាទកក្រើកលោកា           ខ្មែរអស្ចារ្យថ្លៃថ្លាខ្មែរឮលាន់

ប្រជាសាទររាប់រយសែនពាន់             នឹងបេតិកភណ្ឌពិភពលោក។

 

-ស្មារតីពូជខ្មែរថែប្រាង្គប្រា                 កេរដូនតាមហាជ័យនិងជោគ

ឈរជើងការពាររាស្ដ្រខ្មែរគគោក          ខ្មែរយល់យោគលៃលកសាមគ្គីគ្នា។

 

-ប្រាសាទព្រះវិហាររបស់ខ្មែរ               ខ្ញុំស្និទ្ធស្នេហ៍ត្រឹមតែតែងឃ្លោងឃ្លា

សង្ឃឹមជាកម្លាំងចិត្ដយោធា                ឈរការពារឥតរាបូជាប្រាណ

                                                         (សិស្សសមាគមអ្នកនិពន្ធខ្មែរ)