
ប្រាសាទព្រះវិហារ
ដោយ ៖ ទិល ចាន់លីន ថ្ងៃទី 10 មីនា 2011ម៉ោង 10:40:15
(បទពាក្យប្រាំបី)
-មរតកដូនតាតាំងពីបូរាណ ជាតិថ្កើងថ្កានខ្មែរបានសាងទ្រព្យា
កេរអមតៈប្រាង្គព្រះវិហារ ថ្មត្រួតគ្នាក្លាយជាឋានសួគ៌ពិត។
-ជួរភ្នំដងរែកពុះជ្រែកសីមា ដែនរដ្ឋាប្រាង្គប្រាល្អពិសិដ្ឋ
ប្រាង្គព្រះវិហារគឺជាជីវិត ខ្មែរនែបនិត្យប្រឹងគិតរក្សាថែ។
-ញើសឈាមដូនតាមិនអាចកាត់ថ្លៃ ប្រាង្គស្កឹមស្កៃថ្លាថ្លៃជាទ្រព្យខ្មែរ
មានក្សត្រកសាងជាច្រើនហូរហែ ប្រាំអង្គដែរគ្រប់ផ្ដែរនៃប្រាង្គប្រា។
-ប្រាំគោបុរៈស្នាដៃប្រាំអង្គ ក្សត្រត្រចង់ផ្ចិតផ្ចង់សាងសិលា
ប្រើពេលយូរទើបបានប្រាង្គអស្ចារ្យ លើបព្វតាថ្មដាសែនល្បាញល្បី។
-ដប់ប្រាំមិថុនាទសវត្សរ៍ហុកពីរ ខ្មែរមូលមីរនាទីជាតិសិរី
ប្រាង្គព្រះវិហារទ្រព្យខ្មែរបូរី ដោយសារក្ដីបានន័យពីឡាអេ។
ប្រាំពីរកក្កដាពីរពាន់ប្រាំបី ខ្មែរប្រុសស្រីសិរីបានទ្រព្យកេរ
អង្គការយូណេស្កូគិតរិះរេ យកខ្មែរកេរជាបេតិកភណ្ឌ។
-ចេស្ដាប្រាសាទកក្រើកលោកា ខ្មែរអស្ចារ្យថ្លៃថ្លាខ្មែរឮលាន់
ប្រជាសាទររាប់រយសែនពាន់ នឹងបេតិកភណ្ឌពិភពលោក។
-ស្មារតីពូជខ្មែរថែប្រាង្គប្រា កេរដូនតាមហាជ័យនិងជោគ
ឈរជើងការពាររាស្ដ្រខ្មែរគគោក ខ្មែរយល់យោគលៃលកសាមគ្គីគ្នា។
-ប្រាសាទព្រះវិហាររបស់ខ្មែរ ខ្ញុំស្និទ្ធស្នេហ៍ត្រឹមតែតែងឃ្លោងឃ្លា
សង្ឃឹមជាកម្លាំងចិត្ដយោធា ឈរការពារឥតរាបូជាប្រាណ៕
(សិស្សសមាគមអ្នកនិពន្ធខ្មែរ)
