
កម្ពុជា មិនទាន់អនុញ្ញាតឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារទេ
ដោយ ៖ ភិរម្យ ថ្ងៃទី 14 មីនា 2011ម៉ោង 14:58:15
ភ្នំពេញ៖ ក្រោយពីសង្រា្គមឈ្លានពានរបស់ថៃ មកលើប្រទេសកម្ពុជា កាលពីថ្ងៃទី៤-៧ កុម្ភៈ ២០១១ កន្លងមកនេះអាជ្ញាធរកម្ពុជាមិនទាន់អនុញ្ញាតឲ្យ ភ្ញៀវទេសចរជាតិ -អន្តរជាតិ បានចូលទស្សនាក្នុងរមណីដ្ឋានប្រាសាទព្រះវិហារនៅឡើយទេ បើទោះបីជាស្ថានការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទបានមានប្រសាសន៍ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំប្រតិភូចុះសួរសុខទុកកងទ័ពនៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី ថា ដោយសារបារម្ភពីសុវត្ថិភាពទើបអាជ្ញាធរបានសម្រេចមិនទាន់អនុញ្ញាតឲ្យភ្ញៀវទេសចរ បានចូលទៅទស្សនាប្រាសាទព្រះវិហារទេ ព្រោះនៅមានសេសសល់គ្រាប់បែកចង្កោម ដែលទាហានថៃបាញ់ចូលខណៈដែលពួកគេ ប្រើប្រាស់ក្នុងសង្គ្រាមវាយមកលើកម្ពុជា កាលពីអំឡុងខែកុម្ភៈ កន្លងមកនេះ ។ មន្ត្រីនៃអង្គភាពកំចាត់មីនទី៣ ដែលប្រចាំនៅតំបន់ប្រាសាទព្រះវិហារ បានបញ្ជាក់ឲ្យដឹងថា ពិតជាមាននៅសេសសល់គ្រាប់បែកចង្កោម ក្នុងភូមិសាស្ត្រក្បែរតំបន់ប្រាសាទព្រះវិហារពិតមែន ហើយបច្ចុប្បន្ននេះក្រុមជំនាញរបស់លោក កំពុងចុះធ្វើសកម្មភាពរាវរកយ៉ាងសកម្ម ដើម្បីរំដោះតំបន់ប្រាសាទព្រះវិហារឲ្យមានសុវត្ថិភាពដូចដើមវិញ ៕
