
ដើរកម្សាន្ដជាមួយពិភពលោកដោយរថយន្ដរយៈពេល១១ឆ្នាំ
រយៈពេល១១ឆ្នាំកន្លងមក គ្រួសារដែលមានកូន៤នាក់រស់នៅរសាត់អណ្ដែត និងទេសចរណ៍គ្រប់ទិសទីជុំវិញពិភពលោក ដោយរថយន្ដមួយគ្រឿង។
គូស្វាមីភរិយាបានដើរកម្សាន្ដជាមួយរថយន្ដ Graham Paige មានអាយុកាល៨៣ឆ្នាំ ជុំវិញពិភពលោកក្នុងរយៈពេល១១ឆ្នាំកន្លងមក។ ដំណាក់កាលនៃការដើរកម្សាន្ដនោះ ពីរនាក់ប្ដីប្រពន្ធកើតបានកូន៤នាក់ទៅប្រទេសបួនផ្សេងគ្នា។
ពេលដំបូង Herman និង Candelaria Zapp មានគម្រោងទេសចរណ៍ពីអាហ្សង់ទីនទៅកាន់អាឡាស្កានៅលើរថយន្ដបុរាណរបស់ខ្លួន ដែលជីតារបស់លោក Herman បន្សល់ទុក។ ប៉ុន្ដែទីបំផុតរថយន្ដនោះក្លាយទៅជាផ្ទះចលនាសម្រាប់គ្រួសាររបស់គាត់អស់រយៈពេល១១ឆ្នាំ កន្លងមក។
ពេលដំបូងគូស្វាមីភរិយានោះចេញដំណើរតែ២នាក់ប៉ុណ្ណោះ ប៉ុន្ដែក្នុងរយៈពេលនៃដំណើរកម្សាន្ដដ៏យូរអង្វែង អ្នកទាំង២ក៏កើតបានកូន៤នាក់នៅក្នុងប្រទេស៤ផ្សេងទៀត ហើយកូនទាំង៤នោះមានសញ្ជាតិ៤ប្រទេស។
ក្នុងដំណើរកម្សាន្ដនោះ អ្នកទាំងពីរជួបផលលំបាកជាច្រើនពីហិរញ្ញវត្ថុ ប៉ុន្ដែដោយសារតែការស្រឡាញ់ចូលចិត្ដបានជួយឱ្យពួកគាត់ឆ្លងផុតពីឧបសគ្គទាំងឡាយ។ ពេលប្រាក់ជិតអស់ពីហោប៉ៅ ពួកគាត់រស់នៅដោយចិត្ដសប្បុរសធម៌របស់អ្នកដទៃ ដើម្បីមានស្បៀងអាហារបរិភោគ និងប្រាក់ចាក់សាំង។
ជាមួយរថយន្ដបូរាណនោះ ពួកគាត់បើកបរតែប្រមាណ៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ កូនៗគាត់បានបង្រៀននៅលើរថយន្ដនោះតែម្ដង។ រាល់ពេលឆ្លងកាត់ប្រទេសនីមួយៗ ពួកគាត់បានបង្រៀនកូនពីវប្បធម៌ប្រពៃណីប្រទេសទាំងនោះ។
មកទល់ពេលនេះ គូស្វាមីភរិយា និងកូនទាំង៤នាក់មិនទាន់មានបំណងបញ្ចប់ដំណើរកម្សាន្ដរបស់ខ្លួននៅឡើយ៕
