
ការប្រកួតកីឡាគ្រីកឃីដ ធ្វើឱ្យទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានល្អប្រសើរ
ទាំងឥណ្ឌា ទាំងប៉ាគីស្ថានសង្ឃឹមថា ការប្រកួតកីឡាគ្រីកឃីដ (Cricket) ជាលើកដំបូងរវាងប៉ាគីស្ថាន និងឥណ្ឌា ក្នុងក្របខណ្ឌពិភពលោកនឹងជួយឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អប្រសើរឡើងវិញ ក្រោយពេលមានការវាយប្រហារភេរវកម្មនៅទីក្រុងមុមបៃកាលពីឆ្នាំ២០០៨។
ក្ដីសង្ឃឹមត្រូវគេរំពឹងទុកបន្ទាប់ពីនាយករដ្ឋមន្ដ្រីប៉ាគីស្ថាន លោក យូសាហ្វ រ៉ាហ្សា ហ្គីឡានី ទទួលការអញ្ជើញពីនាយករដ្ឋមន្ដ្រីឥណ្ឌា លោក ម៉ាន់មហានស៊ីង ឱ្យចូលរួមមើលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកីឡាគ្រីកឃីដជួបគ្នា រវាងឥណ្ឌា និងប៉ាគីស្ថាននៅទីក្រុងមូហាលីនៅថ្ងៃពុធនេះ ។ កីឡាគ្រីកឃីដជាប្រភេទកីឡាដែលប្រទេសទាំងពីរចូលចិត្ដបំផុត។
ក្រុមទីប្រឹក្សាបានឱ្យដឹងថា ពួកគេសង្ឃឹមថា តាមរយៈការប្រកួតកីឡាគ្រីកឃីដពិភពលោកជួបគ្នារវាងប្រទេសទាំងពីរនេះ ជាឱកាសដើម្បីឱ្យមេដឹកនាំទាំងពីរកាន់តែស្និទ្ធស្នាលនឹងគ្នា លុបបំបាត់ភាពតានតឹង និងជំរុញឱ្យមានកិច្ចពិភាក្សានាពេលខាងមុខ។ ទោះបីជំនួបរវាងមេដឹកនាំទាំងពីរ មិនមែនជាផ្លូវការ ប៉ុន្ដែវាបានកើតឡើងក្រោមការពារសន្ដិសុខយ៉ាងតឹងតែងមិនធ្លាប់មានពីមុនមកនៅក្នុងការ ប្រកួតគ្រីកឃីដ។
ឥណ្ឌាបានប្រកាសថា តំបន់ដែនអាកាសជុំវិញទីលានប្រកួតត្រូវគេហាមប្រាម ហើយរបងសន្ដិសុខត្រូវបង្កើតឡើងយ៉ាងរឹងមាំនៅជុំវិញពហុកីឡដ្ឋានក្នុងនោះមានទាំងយន្ដហោះស៊ើបអង្កេត គ្មានអ្នកបើកបរក្នុងតំបន់នោះ ដើម្បីតាមដានក្រុមភេរវកម្ម។
កាលពីដើមខែមីនានេះ មន្ដ្រីប៉ាគីស្ថានក៏បានចាប់ខ្លួនបុរសម្នាក់ សង្ស័យមានគម្រោងវាយប្រហារទៅលើការ ប្រកួតកីឡាគ្រីកឃីដពិភពលោក។ ការប្រកួតកីឡាគ្រីកឃីដកាលពីឆ្នាំ២០០៩ នៅស្រីលង្ការក៏រងការវាយប្រហារភេរវកម្មផងដែរ, ទាំងនោះជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់ឥណ្ឌា។
មន្ដ្រីជាន់ខ្ពស់ប៉ាគីស្ថានបានឱ្យដឹងថា ប្រធានាធិបតីហ្សាដារី និងនាយករដ្ឋមន្ដ្រីហ្គីឡានីបានទទួលយកការអញ្ជើញរបស់នាយករដ្ឋមន្ដ្រីឥណ្ឌាកាលពីថ្ងៃសៅរ៍កន្លងមក។ ពួកគេសង្ឃឹមថា ទាំងនោះជាជំហានវិជ្ជមានមួយក្នុងការបើកផ្លូវឱ្យមានកិច្ចពិភាក្សារវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថា ប្រទេសទាំងពីរ ធ្លាប់មានសង្គ្រាមបីលើកនឹងគ្នារួចមក ហើយចាប់តាំងពីទទួលឯករាជ្យភាពពី អាណានិគមអង់គ្លេសក្នុងឆ្នាំ១៩៤៧៕
