
រដ្ឋលេខាធិការដឹកជញ្ជូនបារាំងមកសម្ពោធការហោះហើរយន្ដហោះ Air France
ដោយ ៖ សហការី ថ្ងៃទី 31 មីនា 2011ម៉ោង 10:36:09
ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៣១ខែ មីនាឆ្នាំ២០១១បានឱ្យដឹងថាលោក ធៀរី ម៉ារីយ៉ានី (Thierry MARIANI ) រដ្ឋលេខាធិការទទួលបន្ទុកដឹកជញ្ជូន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១១ ។ លោករដ្ឋលេខាធិការនឹង ដឹកនាំគណៈប្រតិភូបារាំងមួយក្រុម ក្នុងនោះមានវត្ដមានប្រធាននិងអគ្គនាយកនៃក្រុមហ៊ុនអាកាសចរណ៍ Air France និងក្រុមហ៊ុន Vinci ដើម្បីចូលរួមក្នុងពិធីសម្ពោធបើកការហោះហើរឡើងវិញលើកដំបូងរបស់ក្រុមហ៊ុន Air France រវាងទីក្រុងប៉ារីសនិងភ្នំពេញក្រោយពីបានអាក់ខានអស់រយៈពេល៣៧ឆ្នាំមកហើយ។ ជើងហោះហើរដំបូងនេះនឹងមក ដល់ភ្នំពេញនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ មីនានេះ។
នៅពេលមកដល់ លោក ធៀរី ម៉ារីយ៉ានី នឹងចូលរួមក្នុងពិធីស្វាគមន៍មួយ ដែលរៀបចំឡើងនៅវេលាម៉ោង៣រសៀល នៅក្នុងបន្ទប់កិត្ដិយសនៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានវត្ដមានឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយផងដែរសម្រាប់លោក ម៉ារីយ៉ានី ក្នុងការជួបពិភាក្សាជាមួយឥស្សរជនជាន់ខ្ពស់ កម្ពុជា ។ លោករដ្ឋលេខាធិការនឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបសវនាការជាមួយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ។
ក្រៅពីនេះ លោករដ្ឋលេខាធិការនឹងជួបប្រជុំជាមួយសហគមន៍អ្នកជំនួញបារាំង និងកម្ពុជា ព្រមទាំងតំណាងសំខាន់ៗ នៃបណ្ដាក្រសួងពាក់ព័ន្ធនឹងការផ្លាស់ប្ដូរសេដ្ឋកិច្ចជាមួយប្រទេសបារាំង។ លោក ធៀរី ម៉ារីយ៉ានី នឹងអមដំណើរ ដោយតំណាងក្រុមហ៊ុនបារាំងជាច្រើន។ ដោយ ៖ សហការី
