
កិច្ចប្រជុំប្រទេសទន្លេមេគង្គមិនអនុម័តលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបុរី
ភ្នំពេញៈ កិច្ចប្រជុំបណ្តាប្រទេសទន្លេមេគង្គចំនួន៤ គឺកម្ពុជា ឡាវ វៀតណាម និងសៀម កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១១ ម្សិលមិញនេះនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ ពុំបាន សម្រេចឲ្យឡាវធ្វើការសាងសង់ទំនប់វារីអគ្គិសនីកាត់ដងទន្លេមេ គង្គក្នុងខេត្តសាយ៉ាបុរី ទៅតាមគម្រោងនោះទេ ដោយត្រូវពន្យារពេលដើម្បីពិភាក្សា និងសិក្សាបន្ថែមរយៈពេល៦ខែទៅមុខទៀត។
គណៈកម្មការទន្លេមេគង្គដែលមានប្រទេសលាវ ថៃ វៀតណាម និងកម្ពុជា បានចុះហត្ថលេខារួមគ្នាមួយកាលពីខែមេសា ឆ្នាំ១៩៩៥ លើកិច្ចព្រមព្រៀងស្ដីពីការប្រើទឹកទន្លេមេគង្គដោយយុត្តិធម៌ និងសមធម៌ ដែលកិច្ចព្រមព្រៀងនេះផ្ដោតសំខាន់លើការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍទឹកឲ្យសមធម៌។
កាលពីថ្ងៃទី១៤ មេសា លោក ជីម វ៉ែប (Jim Webb) ប្រធាន គណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិកនៃគណបក្សប្រជាធិប តេយ្យ ទទួលបន្ទុកទំនាក់ទំនងការបរទេសផ្នែកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បាន ជំទាស់ទៅនឹងសំណើរបស់លាវអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះ ដោយលើកឡើងថា ទំនប់នេះវានឹងនាំមកនូវការខួចខាតដែលមិនអាចប៉ះ ប៉ូវវិញបានទេ ហើយនឹងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែខ្វះ កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាប់ទន្លេមេគង្គ រួមទាំងប្រទេសចិន និងភូមាផងដែរ។
លោក ជីម វ៉ែប (Jim Webb) ធ្លាប់ បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដកមូលនិធិរបស់ ខ្លួនសម្រាប់គណៈកម្មការទន្លេមេគង្គវិញម្តងរួចមកហើយកាលពី ឆ្នាំ២០១០ ប្រសិនបើគម្រោងទំនប់សាយ៉ាបូរីនេះបន្តការអនុវត្តទៅមុខនោះ។
អង្គការមិនមែនរដ្ឋាភិបាលជាច្រើន បានអំពាវនាវឲ្យគណៈកម្មការទន្លេមេគង្គ ដែលជួបប្រជុំគ្នានៅថ្ងៃទី១៩ មេសានេះ ត្រូវតែសម្រេចចិត្តផ្អាកគម្រោងកសាងទំនប់អគ្គិសនីសាយ៉ាបូរី នេះ ពីព្រោះថាវានឹងបាត់បង់ត្រីដែលជាប្រភពប្រូតេអ៊ីនប្រមាណ ៨០% សម្រាប់ ចិញ្ចឹមប្រជាជនកម្ពុជា។ ក្រៅពីនេះ មានការប៉ះពាល់ដល់កម្រិតទឹកឡើងចុះ ជីវចម្រុះក្នុងទឹក ទឹកសម្រាប់កសិកម្ម និងជីជាតិសម្រាប់កសិកម្មជាដើម ។
ថាមពល អគ្គិសនីដែលយកចេញពីទំនប់វារីអគ្គិសនីនោះ មានប្រមាណ១២៦០មេកាវ៉ាត់ ហើយថាមពលអគ្គិសនីនេះត្រូវលក់បម្រើទៅឲ្យប្រទេសសៀមចំនួនជាង៩០ភាគរយ។ គម្រោង សាងសង់ទំនប់វារីអគ្គិសនីកាត់ដងទន្លេមេគង្គក្នុងខេត្តសា យ៉ាបុរី ប្រទេសឡាវត្រូវប្រើប្រាស់ថវិកាប្រមាណ៣,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក និងត្រូវសាងសង់ដោយក្រុមហ៊ុនសំណង់ របស់សៀម៕
