ព័ត៌មានទាន់ហេតុការណ៍៖

Evertonទិញបានខ្សែប្រយុទ្ធទួរគី ខណៈលក់ខ្សែបម្រើអង់គ្លេសទៅឲ្យ Chelsea

ក្លិប Evertonបានទទួលជោគជ័យក្នុងការទិញខ្សែប្រយុទ្ធសញ្ជាតិទួរគី Cenk Tosun ពីក្រុម Besiktas ខណៈដែលពួកគេក៏បានលក់ខ្សែបម្រើ Ross Barkley ទៅឲ្យក្រុមតោខៀវ Chelsea នៅក្របខ័ណ្ឌអង់គ្លេស Premier Leagueដូចគ្នា។

កីឡាករវ័យ២៦ឆ្នាំ Tosun បានចុះហត្ថលេខាលេងឲ្យក្រុម Evertonរយៈពេល៤ឆ្នាំកន្លះ ហើយសន្យាថា នឹងរកគ្រាប់បាល់ឲ្យបានច្រើនជូនក្លិប។ គាត់បានរកគ្រាប់បាល់បាន ១៤គ្រាប់ឲ្យក្រុម Besiktas ក្នុងចំណោម២៤ប្រកួតក្នុងរដូវកាលនេះ។

ចំណែកខ្សែបម្រើអង់គ្លេស Ross Barkley បានចុះកិច្ចសន្យាលេងឲ្យក្រុមតោខៀវ រហូតដល់ទៅ៥ឆ្នាំកក្នុងតម្លៃផ្ទេរ១៥លានផោន។ ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះនឹងពាក់អាវលេខ៨ដ៏ល្បីល្បាញរបស់វីរបុរស Frank Lampard និង Oscar។

Barkley បានចំណាយពេល១៣ឆ្នាំរួមរស់ជាមួយ Everton ជាក្លិបដែលគេចូលហាត់ឲ្យថ្នាលយុវជនកាលពី២០០៥ ក្នុងវ័យ១១ឆ្នាំ។ កីឡាករអន្តរជាតិអង់គ្លេសលេងបាន១៥០ប្រកួត និងស៊ុតបញ្ចូលទី២១គ្រាប់ឲ្យក្លិបមានមូលដ្ឋាននៅ Goodison Park និងលេងបាន២២ប្រកួតដែរឲ្យជម្រើសជាតិ។

NKD-36x6_outline

Evertonកំពុងតែឈរលេខរៀងទី៩នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដោយចាប់ផ្តើម ដំបូងលេងមិនល្អនោះទេ ខណៈខ្សែប្រយុទ្ធពុំសូវរកគ្រាប់បាល់បានច្រើនដោយរកបានតែ ២៥គ្រាប់ក្នុងចំណោម២២ប្រកួត ៕ ដេវីត