ព័ត៌មានទាន់ហេតុការណ៍៖

Forte ,Smart Axiataនិង Mekong Strategic Partnersបើកមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល

ចែករំលែក៖

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ២០១៧នេះក្រុមហ៊ុន Smart Axiataបានប្រកាសថា ក្រុមហ៊ុនធានារ៉ាប់រងក្នុងតំបន់ គឺ Forte Insurance នឹងចូលរួមនៅក្នុងមូលនិធិសម្រាប់អាជីវកម្មបែបឌិជីថល (SADIF) របស់ក្រុមហ៊ុន Smart ក្នុងនាមជាសហវិនិយោគិន ដើម្បីជួយរួមចំណែកជំរុញសេដ្ឋកិច្ចបែបឌីជីថលរបស់កម្ពុជាឲ្យកាន់តែប្រសើរបំផុត។ បន្ថែមលើនេះ ក៏មានការបង្ហាញខ្លួនជាសាធារណៈនូវក្រុមហ៊ុនចំនួនបីដំបូងគេ ដែលទទួលបានមូលនិធិវិនិយោគមួយចំណែក ពីគម្រោងមូលនិធិទុនវិនិយោគ ៥លានដុល្លារ របស់ក្រុមហ៊ុន Smart។

មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល (SADIF) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និងគ្រប់គ្រងដោយក្រុមហ៊ុនផ្ដល់ប្រឹក្សា និងវិនិយោគ ដែលមានឈ្មោះហៅថា Mekong Strategic Partners (MSP)។ មូលនិធិនេះត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំនេះ ដើម្បីវិនិយោគ និងផ្ដល់ចំណេះដឹងផ្នែកយុទ្ធសាស្ត្រទៅដល់អាជីវកម្មបែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។ មូលនិធិនេះបានប្ដេជ្ញាថា នឹងជួយលើកកម្ពស់សហគ្រិនដែលមានឆន្ទៈច្បាស់លាស់ ហើយមូលនិធិនេះនឹងផ្ដល់មូលនិធិចាំបាច់សម្រាប់គាំទ្រទៅដល់ឧស្សាហកម្ម ICT ដែលបាននឹងកំពុងមានការលូតលាស់យ៉ាងឆាប់រហ័ស។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយ និងសូមស្វាគមន៍ចំពោះដៃគូថ្មីរបស់យើង គឺក្រុមហ៊ុន Forte ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ជោគជ័យ និងមានភាពច្នៃប្រឌិតបំផុតនៅកម្ពុជា។ ភាពជាដៃគូថ្មីនេះនឹងជួយផ្ដល់នូវជំនាញពិសេសបន្ថែមទៀតដល់ក្រុមការងាររបស់ SADIF។ ការមានសមាជិកភាពចម្រុះនៅក្នុងជួរគណៈកម្មការវិនិយោគ នឹងធ្វើឲ្យមូលនិធិនេះកាន់តែរឹងមាំ ពោលគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យឌីជីថល”។ លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ “បន្ទាប់ពីបានចំណាយពេលជាច្រើនខែដើម្បីត្រួតពិនិត្យឲ្យបានល្អិតល្អន់លើបេក្ខជននានា យើងមានក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវក្រុមហ៊ុនចំនួនបី គឺក្រុមហ៊ុន “ជូនអ្នក”“មរកត” និង Aniwaaក្នុងនាមជាក្រុមហ៊ុនដំបូងគេដែលទទួលបានមូលនិធិពីគម្រោង SADIF ។

លោក Charles Cheoនាយកប្រតិបត្តិក្រុមហ៊ុន Forte បានមានប្រសាសន៍ថា៖ “យើងកំពុងរួមសហការជាមួយនឹងក្រុមហ៊ុន Smart និង MSP នៅក្នុងមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល ពីព្រោះយើងមានជំនឿចិត្តថា សេដ្ឋកិច្ចបែបឌីជីថល របស់កម្ពុជា នឹងមានការលូតលាស់នៅប៉ុន្មានឆ្នាំខាងមុខនេះ។ យើងមានចិត្តសប្បាយក្នុងការគាំទ្រកំណើននេះ តាម រយៈការចូលរួមសហការជាដៃគូជាមួយនឹងក្រុមហ៊ុនទាំងអស់ខាងលើ ដែលយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបន្ថែមដោយនាំមកនូវមាតិកាថ្មីៗដែលទំនើបទាន់សម័យ និងកម្មវិធីបែបឌីជីថលផ្សេងៗ។

លោក គឹម បូរ៉ា ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន MSP បានមានប្រសាសន៍ថា៖ “យើងស្វែងរកអាជីវកម្មទាំងឡាយណា ដែលការផ្ដល់មូលនិធិនេះអាចមានលទ្ធផលជាវិជ្ជមានភ្លាមៗ ហើយទីផ្សារមានភាពចាស់ទុំសម្រាប់បច្ចេកវិទ្យាដែលកំពុងតែលូតលាស់។ ក្រុមហ៊ុនទាំងបីដែលក្លាយជាជ័យលាភីនៅជុំនេះ ស្ថិតក្នុងជំហដ៏ល្អដែលនឹងអាចបោះជំហានទៅមុខ ហើយយើងមានជំនឿថា ការវិនិយោគ ក៏ដូចជាធាតុចូលផ្នែកយុទ្ធសាស្ត្រ និងការគាំទ្រការអភិវឌ្ឍន៍អាជីវកម្ម ពីក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និង MSP នឹងជួយជំរុញឲ្យក្រុមហ៊ុនទាំងបីនេះកាន់តែមានការរីកចំរើនបន្ថែមទៀត”។

ទំហំទឹកប្រាក់ ឬលក្ខខណ្ឌនៃការផ្ដល់មូលនិធិដល់ក្រុមហ៊ុន “មរកត” “ជូនអ្នក” និង “Aniwaa” មិនត្រូវបានផ្សព្វផ្សាយឡើងក្នុងពិធីប្រកាសជាផ្លូវការនេះទ។ ប៉ុន្តែ អំឡុងពិធីសម្ពោធមូលនិធិ SADIF កាលពីខែមីនា ឆ្នាំ ២០១៧ ក្រុមហ៊ុន Smart និង MSP បានបញ្ជាក់ថា ការវិនិយោគដោយប្រើប្រាស់កញ្ចប់មូលនិធិនេះ នឹងមានទំហំទឹកប្រាក់ចន្លោះពី ២៥,០០០ ដល់ ៥០០,០០ ដុល្លារសហរដ្ឋអាមេរិក ដោយអាស្រ័យលើ ដំណាក់កាល ប្រភេទឧស្សាហកម្ម និងតម្រូវការចាំបាច់នៃមូលនិធិរបស់ក្រុមហ៊ុនទាំងនោះ។ ការវិនិយោគនឹងត្រូវបាន គាំទ្របន្ថែមតាមរយៈការជួយទំនុកបម្រុងផ្នែកគំនិត ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍អាជីវកម្ម ដែលចំនុចទាំងអស់នេះគឺជាផ្នែកដ៏សំខាន់នៃដំណើរការគាំទ្រជារួម៕ វឌ្ឍនា


ចែករំលែក៖