ព័ត៌មានទាន់ហេតុការណ៍៖

Fulham ប្រមាញ់បានខ្សែប្រយុទ្ធម្នាក់ទៀតយកមកពង្រឹងក្រុមសម្រាប់រដូវកាលថ្មីនៅ Premier League

ក្រុម Fulham ដែលទើបតែឡើងមកកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបាន ទិញខ្សែប្រយុទ្ធអន្តរជាតិស៊ែប៊ី Aleksandar Mitrovic ក្នុងតម្លៃ២២លានផោនពីក្រុម Newcastle United។

កីឡាករ Mitrovic រកគ្រាប់បាល់បាន១២គ្រាប់ក្នុងការបង្ហាញខ្លួន១៧ប្រកួតឲ្យក្រុម Fulham ក្នុងនាមជាកីឡាករខ្ចីជើងនៅរដូវកាលមុន។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបាន និយាយថា “ខ្ញុំពិតជារំភើបណាស់ដែលបានមកកាន់ក្រុម Fulham សាជាថ្មីម្តងទៀត។ ខ្ញុំពិតជាមានមោទនភាពដែលបានក្លាយទៅជាកីឡាករផ្លូវការរបស់ក្លិបនេះ។ ខ្ញុំស្រលាញ់អ្នក គាំទ្រ ពួកគេអស្ចារ្យណាស់ហើយខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយពួកគេ។ យើងបាន បង្កើតប្រវត្តិសាស្រ្តធំកាលពីរដូវកាលមុនហើយយើងចង់ទទួលបានជោគជ័យធំៗទៀត មានអ្នកគាំទ្រនៅពីក្រោយពួកយើង យើងអាចបន្តដំណើរបានវែងឆ្ងាយទៀត” ។

Aleksandar Mitrovic បានមកចូលរួមក្រុមNewcastle ដោយផ្លាស់ចេញពីក្រុម Anderlecht ក្នុងឆ្នាំ២០១៥ ដោយតម្លៃខ្លួនផ្ទេរ១៤,៥លានផោន ហើយពេលនេះគេ បានក្លាយទៅជាកីឡាករទី៥ដែលក្លិបចំណូលថ្មី Fulhamបានទិញសម្រាប់លេង នៅក្នុងរដូវកាលថ្មី។

Fulhamបានទិញខ្សែប្រយុទ្ធជប៉ុន Yoshinori Muto ពីក្រុម Mainzនៅអាល្លឺម៉ង់ ទិញអ្នកចាំទីអេស្ប៉ាញ Fabri ពីក្រុម Besiktas ខ្ចីជើងខ្សែប្រយុទ្ធអាល្លឺម៉ង់ Andre Schurrleពី Dortmund ទិញខ្សែបម្រើ Jean Michael Seriសញ្ជាតិកូដឌីវ័រ និងខ្សែការពារសញ្ជាតិបារាំង Maxime le Marchandពីក្រុម Nice ៕