ព័ត៌មានទាន់ហេតុការណ៍៖

Grab និងMastercard នឹងដាក់ឲ្យដំណើរការគណនីបង់ប្រាក់មុនសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍

ចែករំលែក៖

សិង្ហបុរី៖ Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍និងក្រុមហ៊ុនMastercard នៅថ្ងៃនេះបានប្រកាសពីភាពជាដៃគូដើម្បីដាក់ឲ្យដំណើរការនូវប័ណ្ណបង់ប្រាក់មុនដែលត្រូវបានបង្កើតឡើងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿននិងមានប្រជាជនជាង640លាននាក់ដែលសព្វថ្ងៃភាគច្រើននៅតែប្រើប្រាស់ក្រដាសប្រាក់នៅឡើយ។

ក្រុមហ៊ុនGrab នឹងចេញប័ណ្ណបង់ប្រាក់មុនជាប្រភេទប័ណ្ណនិម្មិតនិងប័ណ្ណរូបវ័ន្តជាក់ស្ដែងចេញពីកម្មវិធីGrab ដោយផ្ទាល់។អតិថិជនអាចបញ្ចូលប្រាក់ទៅក្នុងគណនីរបស់ខ្លួនដើម្បីចាយវាយនៅតាមទីតាំងពាណិជ្ជករណាមួយក៏បាននៅទូទាំងពិភពលោកដែលទទួលយកប័ណ្ណMastercard ទាំងការចំណាយនៅតាមអនឡាញនិងនៅទីតាំងផ្ទាល់។តាមរយៈការចេញប័ណ្ណបង់ប្រាក់ជាមុនរបស់Mastercard ពេលនេះកម្មវិធីGrabPay ដែលជាកម្មវិធីទូទាត់ចល័តមាននៅលើកម្មវិធីរបស់Grab បានក្លាយជាគណនីអេឡិចត្រូនិចមួយក្នុងចំណោមគណនីអេឡិចត្រូនិចនានានៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការទទួលស្គាល់ទូទាំងសកលលោក។

ភាពជាដៃគូនេះបានបង្កើនភាពរឹងមាំរបស់Grab ដែលជាកម្មវិធីឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានការទាញយកដោយអ្នកប្រើប្រាស់ជាង110លានដងនិងក្រុមហ៊ុនMastercard ដែលជាបណ្ដាញអាជីវករធំជាងគេបំផុតមួយក្នុងពិភពលោក។កម្មវិធីGrab មានសេវាជាច្រើនរួមមានការកក់មធ្យោបាយធ្វើដំណើរតាមនិងមធ្យោបាយដឹកជញ្ជូនរួមការដឹកជញ្ជូនម្ហូបអាហារគ្រឿងទេសនិងកញ្ចប់ឥវ៉ាន់ផ្សេងៗដែលទាំងអស់នេះអាចធ្វើទៅបានតាមរយៈកម្មវិធីGrabPay ដែលជាកម្មវិធីទូទាត់ចល័តឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ជាមួយនឹងកញ្ចប់សេវាទាំងអស់នេះGrabPay បានក្លាយជាកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃដែលគ្របដណ្ដប់លើសេវាចាំបាច់ផ្សេងទៀតសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់។3នាក់ក្នុងចំណោមប្រជាជនអាស៊ាន4នាក់ឬជារួមប្រជាជនអាស៊ានប្រមាណជាង400លាននាក់នៅពុំទាន់មានគណនីធនាគារនៅឡើយដូច្នេះការដាក់ឲ្យដំណើរការនូវប័ណ្ណបង់ប្រាក់មុនបែបនិម្មិតនិងបែបរូបវ័ន្តនឹងជួយបំពេញបន្ថែមដល់សេវាកម្មស្នូលរបស់Grab ហើយប័ណ្ណនេះនឹងផ្ដល់ឱកាសដល់អតិថិជនជាច្រើនក្នុងការចាកចេញពីការប្រើប្រាស់ក្រដាសប្រាក់ហើយងាកទៅរកការប្រើប្រាស់គណនីដែលមានការប្រើប្រាស់ទូទាំងសកលលោកវិញ។

លោកReuben Lai នាយកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់របស់Grab បានថ្លែងថា៖“ភាពជាដៃគូនេះគឺលើសពីការដែលGrab ចេញប័ណ្ណបង់ប្រាក់មុនទៅទៀតហើយគឺជាការអភិវឌ្ឍថ្មីសម្រាប់តំបន់អាស៊ីអាគ្នេយ៍។Grab គឺជាក្រុមហ៊ុនផ្ដល់សេវាគណនីអេឡិចត្រូនិចដំបូងគេនៅក្នុងតំបន់ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោក។ភាពជាដៃគូនេះមិនត្រឹមតែពង្រឹងតួនាទីរបស់យើងក្នុងនាមជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាដែលពុំអាចប្រកែកបានក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេប៉ុន្តែវាក៏ផ្ដល់លទ្ធភាពដល់ប្រជាជនក្នុងតំបន់ចំនួន400លាននាក់ដែលគ្មានគណនីធនាគារនិងអ្នកដែលទទួលបានសេវាតិចតួចបានទិញទំនិញនិងសេវាកម្មនានាតាមអនឡាញផងដែរ។

លោកស្រីRama Sridhar អនុប្រធានប្រតិបត្តិផ្នែកឌីជីថលនិងភាពជាដៃគូនិងលំហូរការទូទាត់ថ្មីបាននិយាយថា៖“ភាពជាដៃគូជាមួយនឹងក្រុមហ៊ុនGrab នេះពិតជាបានបង្កើនវិសាលភាពរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយស្របតាមគោលដៅរបស់យើងក្នុងការពង្រីកសេវាទូទាត់ឌីជីថលដល់អ្នកប្រើប្រាស់និងពាណិជ្ជករទាំងអស់។ដោយពុំចាំបាច់មានការផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធនៅពេលនេះយើងនៅតែអាចផ្ដល់ឱកាសដល់ពាណិជ្ជករក្នុងការទទួលបានមូលដ្ឋានអ្នកប្រើប្រាស់របស់Grab ដែលជាអ្នកប្រើប្រាស់វណ្ណៈកណ្ដាលដែលមូលដ្ឋានអ្នកប្រើប្រាស់នេះគ្រប់ដណ្ដប់លើទូរស័ព្ទ1គ្រឿងក្នុងចំណោមទូរស័ព្ទចល័ត6គ្រឿងក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ដែរថាក្រុមហ៊ុនGrab និងMastercard រំពឹងថានឹងផ្តល់ជូនប័ណ្ណគណនីនេះនៅឆមាសទីមួយនៃឆ្នាំ២០១៩ដោយចាប់ផ្តើមដំបូងក្នុងប្រទេសសិង្ហបុរីនិងហ្វីលីពីនដែលសិង្ហបុរីតំណាងឲ្យប្រទេសដែលមានប្រជាជនប្រើគណនីធនាគារច្រើនជាងគេបំផុត (98%) ហើយហ្វីលីពីនមានប្រជាជនប្រើគណនីធនាគារតិចជាងគេបំផុត (34%) ក្នុងតំបន់អាស៊ីអាគ្នេយ៍៕ វឌ្ឍនា


ចែករំលែក៖