ព័ត៌មានទាន់ហេតុការណ៍៖

IMF វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សាកំណើនសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល កម្ពុជាក្នុងការបន្ដរក្សាកំណើនសេដ្ឋកិច្ច ខណៈដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ ស្ពាន ផ្លូវថ្នល់ជាដើម ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន អនុញ្ញាត ឲ្យក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Markus Rodlauer, អនុប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហិ្វក (APD) និងលោក Jarkko Turunen ជា ប្រធានបេសកកម្ម រួមជាមួយប្រតិភូចូលជួប សម្ដែងការគួរសមក្នុងពេលចុះបំពេញ បេសកកម្មនៅកម្ពុជាពី ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

លោក Markus Rodlauer បានសម្ដែង ការកោតសរសើរខ្ពស់ ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ បន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ចំពោះការវាយតម្លៃពី ស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាគីកម្ពុជា និងក្រុមបេសកកម្មមានការ យល់ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨នេះ គឺកម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់លើសពីការគ្រោងទុក។ ជាមួយគ្នា នេះលោកក៏សម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថាលោកអគ្គបណ្ឌិតសភាចារ្យនឹងបន្ត ដឹកនាំ និងសម្រេចបាននូវជោគជ័យនិង សមិទ្ធផលសំខាន់ៗថ្មីបន្ថែមទៀតក្នុង អាណត្តិថ្មីនេះ ជូនប្រជាពលរដ្ឋកម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណចំពោះក្រុមការងារ Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងការចុះមកធ្វើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជានិងផ្តល់អនុសាសន៍គោលនយោបាយ ក្នុងន័យជួយតម្រង់ទិសក្នុង ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖