ព័ត៌មានទាន់ហេតុការណ៍៖

LD Picture ប្រកាសចេញផលិតរឿងភាគស្តង់ដាប្រកួតរឿងភាគបរទេស

ភ្នំពេញ៖ នេះជាលើកដំបូងហើយដែលផលិតកម្ម LD Picture ដែលគេស្គាល់ថា ជាផលិតកម្មផលិតខ្សែភាពយន្តខ្នាតដុំធំ នៅកម្ពុជាប្រកាស ចេញមុខផលិតខ្សែភាពយន្តភាគ ដែលមានគុណភាពស្តង់ដាមួយ ដើម្បី ប្រកួតប្រជែងជាមួយនឹងខ្សែភាពយន្តបរទេស ។

ការប្រកាសនេះ ក៏ស្របពេលដែលក្រសួងពាក់ព័ន្ធតម្រូវ ឲ្យបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុក ចាក់ផ្សាយកម្មវិធី ឬខ្សែភាពយន្តដែលផលិតដោយផលិតករក្នុងស្រុកនៅ ម៉ោងមាសជំនួសការចាក់បញ្ចាំងខ្សែភាពយន្តបរទេសនោះ ។

ការបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងស្ទីតយោផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ ចាងហ្វាងផលិតកម្ម LD Picture សិល្បករ សិល្បការិនី និងក្រុមការងារផលិតរបស់ផលិតកម្មជាច្រើនរូបទៀត ។

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានបញ្ជាក់ថា អ្វីដែលលោកចង់ថ្លែងអំណរគុណជា ខ្លាំងនោះគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ពិសេសរាជរដ្ឋាភិបាលដែលជួយអន្តរាគមន៍ ក្នុងការជំរុញឲ្យវិស័យសិល្បៈភាពយន្តខ្មែរទទួលបានការគាំទ្រ គឺការតម្រូវឲ្យបណ្តាស្ថានីយ ទូរទស្សន៍ក្នុងស្រុក ចាក់បញ្ចាំងខ្សែភាពយន្តខ្មែរនៅម៉ោង ៧ដល់ម៉ោង៩យប់ ។

លោកបន្តថា ពីពេលនេះទៅ ផលិតកម្ម LD Picture នឹងចាប់ផ្តើមការផលិតខ្សែភាពយន្ត ដែលមានគុណភាពខ្ពស់ សម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ ពិសេស គឺការប្រកួតប្រជែងជាមួយខ្សែភាពយន្តនៃប្រទេសជិតខាង។ លោកបន្តថា ដោយការស្រលាញ់ និងចង់ឲ្យវត្តមានខ្សែ ភាពយន្តភាគខ្មែរទទួលបានការគាំទ្រច្រើន ទើបលោកសម្រេចចិត្តជំរុញការផលិតខ្សែភាពយន្តភាគប្រកបដោយគុណភាពនេះឡើង បើទោះបីជាជួបការលំបាកជាច្រើនលើការចំណាយ និងទទួលបានប្រាក់ចំណេញតិចតួចក្តី។

លោកបញ្ជាក់ថា ការផលិតខ្សែភាពយន្តត្រូវតែគិតគូសំខាន់គ្រប់ផ្នែក ទាំងទៅលើការផ្សព្វផ្សាយ គុណភាពខ្សែភាពយន្ត ពិសេសទាក់ទងនឹងការចំណាយមួយ ដែលអាចទទួលយកបាន ។ លោកប្រាប់ថា លើកដំបូងដែល ផលិតកម្មលោកប្រកាសផលិតខ្សែភាពយន្តភាគមានគុណភាពក្រោយពីទទួលបានដៃគួថ្មីជាមួយនឹងទូរទស្សន៍ភីអិនអិន ដែលហ៊ានផ្តល់នូវគម្រោងថវិកាខ្ពស់មួយ ហើយរឿងដំបូងដែលផលិតកម្មលោកបានចាប់ផ្តើមផលិតជាបណ្តើរៗហើយនោះ គឺរឿង ”ម្ទេសហិលប៉ះអំបិលប្រៃ” ដែលជាខ្សែភាពយន្តស្នេហា បែបកំប្លែង ។

លោកមិនបញ្ជាក់អំពីទំហំទឹកប្រាក់នៃការផលិតខ្សែភាពយន្តនេះទេប៉ុន្តែលោកបញ្ជាក់ថា ទូរទស្សន៍ខាងលើពិតជាមានកម្រិតមួយខ្ពស់ជាងទូរទស្សន៍ដទៃ ។ លោកបញ្ជាក់ថា ខ្សែភាពយន្តដំបូងដែលនឹងចាប់ផ្តើមសម្រិតសម្រាំងនេះ នឹងលេចវត្តមានលើកញ្ចាក់ទូរទស្សន៍ក្នុងអំឡុងខែកញ្ញាឆ្នាំនេះ ។ លោកថា ជាខ្សែភាពយន្តដែល មានគុណភាពស្តង់ដាព្រោះតែផលិតកម្មលោកមានក្រុមការងារផលិតគ្រប់គ្រាន់ធ្លាប់ទទួលបានជោគជ័យលើការផលិតខ្សែភាពយន្តកន្លងមកពិសេស ផលិតកម្ម លោកក៏ទើបនឹងបញ្ជាកទិញនូវឧបករណ៍ផលិតខ្សែភាពយន្តទំនើបៗ ។

លោកថានេះគឺជាលើកទី១ដែលផលិតកម្មនៅប្រទេសកម្ពុជាបានប្រើប្រាស់ប្រភេទកាំមេរ៉ាប្រភេទ 4K និង Cinema Len មានតម្លៃថ្លៃ ផ្តល់នូវរូបភាពច្បាស់ដែលបណ្តាប្រទេសជាច្រើន ក្នុងតំបន់ប្រើប្រាស់ឧបករណ៍ប្រភេទនេះក្នុងការផលិតខ្សែភាពយន្តភាគនោះ ។

លោកបន្តទៀតថា បន្ទាប់ពីខ្សែភាពយន្តភាគនេះលោកក៏គ្រោង នឹងផលិតខ្សភាពយន្តភាគថ្មីៗបន្តបន្ទាប់ទៀតនៅពេលខាង មុខដើម្បីតម្រូវការទីផ្សារភាពយន្តភាគនៅកម្ពុជា ។

លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការតម្រូវឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកចាក់ បញ្ចាំងខ្សែភាពយន្តខ្មែរនៅម៉ោងមាសបានធ្វើឲ្យការផលតិខ្សែភាពយន្តសម្រាប់ ផ្គត់ផ្គង់មានការកើនឡើងខ្លាំង ដែលយ៉ាងតិចទូរទស្សន៍មួយត្រូវការខ្សែ ភាពយន្តយ៉ាងតិច២ភាគក្នុងមួយថ្ងៃៗដូចនេះយ៉ាងហោចណាស់ទូរទស្សន៍ក្នុងស្រុកទាំងអស់ត្រូវការខ្សែភាពយន្តខ្មែរប្រមាណពី៤០ទៅ៥០ភាគក្នុងមួយថ្ងៃៗ ។

ទោះជាយ៉ាងណាលោកនៅតែមានការព្រួយបារម្ភទៅនឹងការប្រកួតប្រជែងខណៈដែលគុណភាពខ្សែភាពយន្តខ្មែរមួយចំនួននៅមានកម្រិត ។

លោកថា ការប្រកាសចេញថតខ្សែភាពយន្តភាគស្តង់ដារបស់LD Picture ដើម្បីធ្វើការប្រកួតប្រជែងនេះគឺជាសញ្ញាថ្មីមួយ ខណៈដែលផលិតកម្មនេះធ្លាប់ទទួលបានជោគជ័យលើការផលិតខ្សែភាពយន្តខ្នាតធំ ហើយផលិតកម្មនេះក៏បានប្រើប្រាស់ឧបករណ៍ផលិតប្រកបដោយគុណភាព ។

លោករំពឹងទុកថា ផលិតកម្មនេះនឹងដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ ទីផ្សារខ្សែភាពយន្តដែលមានគុណភាពស្តង់ដាដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ហើយលោក ក៏រំពឹងដែរថា ទស្សនិកជននឹងជួយគាំទ្រដល់វិស័យភាពយន្តភាគខ្មែរផងដែរ ៕ វឌ្ឍនា

IMG_1666

IMG_1659

IMG_1655

IMG_1652

IMG_1648

IMG_1641

IMG_1619

IMG_1697

IMG_1679