ព័ត៌មានទាន់ហេតុការណ៍៖

Lionel Messi បានឈ្នះពានរង្វាន់ស្បែកជើងមាសទ្វីបអឺរ៉ុប

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិបBarcelona បានក្លាយជាម្ចាស់ស្បែកជើងមាសទ្វីបអឺរ៉ុបសម្រាប់រដូវកាល២០១៧-១៨ ក្រោយស៊ុតបាល់បាន៣៤គ្រាប់នៅក្របខ័ណ្ឌកំពូលអេស្ប៉ាញ។

កីឡាករសញ្ជាតិអាហ្សង់ទីរូបនេះបានរកគ្រាប់បាល់បានច្រើនជាងគេក្នុងចំណោម កីឡាករជាច្រើននៅអឺរ៉ុបដោយវ៉ាដាច់ខ្សែប្រយុទ្ធ Mohamed Salah មកពី Premier League ចំនួន២គ្រាប់។

កីឡាករផ្សេងទៀតដូចជានៅ Serie A កីឡាករ Ciro Immobile និង Mauro Icardi សុទ្ធតែស្ថិតនៅក្រោម Messi ដោយរកបានម្នាក់២៩គ្រាប់ ខណៈ Bundesliga វិញ Lewandowski របស់ Bayern Munich រកបាន២៩គ្រាប់ ហើយនៅលីកកំពូលបារាំង Top Scorer បានទៅលើ Edinson Cavani មាន២៨គ្រាប់។

ចំណែកកីឡាករ Jonas រកបាន៣៤គ្រាប់ដែរឲ្យក្រុម Benfica ប៉ុន្តែដោយក្របខ័ណ្ឌ ប្រទេសព័រទុយហ្គាល់ស្ថិតនៅលំដាប់មិនទាន់ស្មើនឹងក្របខ័ណ្ឌអេស្ប៉ាញទើបធ្វើឲ្យ Lionel Messiមានពិន្ទុច្រើនជាង ៕ ដេវីត