ព័ត៌មានទាន់ហេតុការណ៍៖

Miss Global 2017ទៅឈ្វេងយល់វប្បធម៌ និងបរិស្ថាននៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បវរកញ្ញាពិភពលោកឆ្នាំ២០១៦(Miss Global 2016) និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ បានចូលរួមក្នុងវិស័យបរិស្ថាន ជាមួយក្រសួងបរិស្ថានកម្ពុជា ដោយការធ្វើដំណើរទៅកាន់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្រៅពីការចូលរួមគាំពារបរិស្ថាន ពួកគេបានទៅឈ្វេងយល់វប្បធម៌ ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាជនខ្មែរ នាតំបន់មួយចំនួន នៃស្រុកអូររាំងឪផងដែរ។

បវរកញ្ញាពិភពលោកឆ្នាំ២០១៦ (Miss Global 2016) និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ទាំង៦៥រូប មកពី៦៥ប្រទេសផ្សេងៗគ្នា បានចូលរួមចំណែកឈ្វេងយល់ និងផ្សព្វផ្សាយពីវប្បធម៌ស្ថានភាព ការរស់នៅឃុំចំនួន៧ ឃុំទួលសូភី ឃុំព្រះធាតុ ឃុំដំរិល ឃុំគងជ័យ ឃុំចក ឃុំមៀន និងឃុំអំពិលតាពក ទូទាំងស្រុកអូរាំងឪ។

ព្រឹត្តិការណ៍នេះ បានចូលរួមផ្សព្វផ្សាយដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ១ម៉ឺននាក់ ទាក់ទងនឹងវិស័យបរិស្ថាន និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនឹងជ្រាបទៅដល់ប្រជាពលរដ្ឋរាប់លាននាក់ទៀតផងដែរ។ ពួកគេបានចុះទៅមើលនៅឃុំអំពិលតាពក ដែលមានការដឹកនាំដោយលោកអ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោកអ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នេះមិនមែនជាលើកទី១ទេ ដែលមានសកម្មភាពចូលរួមពីបវរកញ្ញាពិភពលោក បានចូលរួមផ្សព្វផ្សាយបរិស្ថានជាមួយក្រសួងបរិស្ថាន។ ការងារបរិស្ថាន មិនត្រឹមតែប្រទេសកម្ពុជា គឺសម្រាប់មនុស្សជាតិទាំងមូល ហើយតាមរយៈសកម្មភាពនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យបរិស្ថាននៅក្នុងពិភពលោក។

ក្នុងដំណើរទស្សនកិច្ចកិច្ចនេះ ពួកគេក៏បានចុះទៅអនុវិទ្យាល័យពោធិ៍មាស ដើម្បីជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងដាំកូនឈើជានិមិត្តរូប ព្រមទាំងមានការប្រគល់នូវម៉ាស៊ីនព្រីនដល់សិស្សានុសិស្សផងដែរ។

បន្ទាប់មក ក្រុមបវរកញ្ញា ក៏បានចុះទៅមើលពីការប្រមូលផលស្រូវ និងការបុកអំបុកជាប្រពៃណីរបស់ប្រជាជននៅជនបទ ដែលនេះជាទិដ្ឋភាពថ្មីមួយទៀត ដែលពួកគាត់មិនធ្លាប់បានឃើញនៅពេលកន្លងមក។ បន្ទាប់មកក្រុមបវរកញ្ញាទាំងនោះក៏បានចូលរួមដាំកូនឈើ ជានិមិត្តរូបនៅសាលាបឋមសិក្សាអូររាំងឪ និងចុះមើលផ្សារអូររាំងឪផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ គឺដើម្បីឱ្យជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ បានឈ្វេងយល់ពីការរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឈ្វេងយល់ពីឥរិយាបថ និងការគ្រប់គ្រងសំរាម ផ្នត់គំនិតរបស់សិស្សលើបញ្ហាបរិស្ថានតាមសាលា និងការចូលរួមក្នុងការការពារធនធានធម្មជាតិ៕ វឌ្ឍនា

NKD-36x6_outline