ព័ត៌មានទាន់ហេតុការណ៍៖

Patrice Evra មកចូលរួមជាមួយក្លិប West Ham ដោយគ្មានតម្លៃខ្លួន

ខ្សែការពារ Patrice Evra បានផ្ទេរមកកាន់ក្លិបញញួរធំ West Ham ដោយគ្មានតម្លៃខ្លួន ក្រោយរយៈពេល៣ខែ បន្ទាប់ពីក្លិប Olympic Marseille បណ្តេញចេញដោយសារ បង្កអំពើហិង្សាដាក់អ្នកគាំទ្ររបស់ក្លិបមួយនេះ ។

អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ បានចុះហត្ថលេខាលេងឲ្យក្រុមញញួរធំ រហូតដល់បញ្ចប់រដូវកាល២០១៧-២០១៨ និងជាវេលាដែលរូបគេបានវិលត្រឡប់មកជួបជុំជាមួយគ្រូបង្វឹកលោក David Moyes ដែលធ្លាប់ជាគ្រូបង្វឹកក្រុមបិសាចក្រហមកាលពីរដូវកាល ២០១៣-២០១៤ ។

ខ្សែការពារដែលមានវ័យ៣៦ឆ្នាំរូបនេះត្រូវបានបណ្តេញចេញមុនពេលការប្រកួតនៅក្របខ័ណ្ឌ Europa League ទល់នឹងក្រុម Vitoria Guimaraes នៅខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីរូបគេមានចេតនាបង្កអំពើហិង្សាលើហ្វូងអ្នកគាំទ្រមុនពេលការប្រកួតចាប់ផ្តើម។

សហព័ន្ធបាល់បាត់អឺរ៉ុប (UEFA) បានពន្យារពេល Evra មិនឲ្យចូលរួមប្រកួត សម្រាប់ពេលវេលានៃរដូវកាលដែលនៅសេសសល់ ខណៈដែលក្លិប Marseille បានបញ្ចប់កិច្ចសន្យារបស់គេ។ ប៉ុន្តែ Evra បានសម្រេចចិត្តវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញជាកន្លែងដែលគាត់បានឈ្នះពាន Premier League ចំនួន៥ ជាមួយនឹងក្រុមបិសាចក្រហម ៕ ដេវីត