ព័ត៌មានទាន់ហេតុការណ៍៖

PSG លើកពានបារាំង Cup លើកទី៤ជាកាដូចុងក្រោយរដូវកាលនេះ

ចែករំលែក៖

ក្រុមយក្ស Paris St-Germain បានដណ្តើមយកពានក្នុងស្រុកចុងក្រោយគឺបារាំង Cup ឬ Coupe de France បន្ទាប់ពីយកឈ្នះក្រុមមកពីលីកលំដាប់ទី៣របស់បារាំងក្រុម Les Herbiers កាលពីរាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។

ជ័យជម្នះ ២-០ របស់ក្រុមអ្នកមានបារាំង PSG ធ្វើបានដោយកីឡាករ Lo Celso នៅនាទីទី២៦ និងបាល់ប៉េណាល់ទីនៅនាទីទី៧៤ របស់ខ្សែប្រយុទ្ធ Edinson Cavani។ នេះគឺជាការឈ្នះពាន៣ក្នុងមួយរដូវកាលរបស់ PSG បន្ទាប់ពីពួកគេបានប្រមូលពាន Coupe de la Ligue និងក្របខ័ណ្ឌកំពូល Ligue 1 កាលពីពេលកន្លងទៅ ។

ចំពោះក្រុម Les Herbiers វិញទោះមកពីក្របខ័ណ្ឌកម្រិតទាបមែន តែបានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍បន្ទាប់ពីយកឈ្នះក្រុមជាច្រើនដូចជា ក្រុម Coulaines, Chateaubriant, Balma, Romorantin, Angouleme, Saint-Lo Manche, Auxerre, Lens និង Chambly មុនចាញ់ PSG នៅវគ្គផ្ដាច់ព្រ័ត្រនេះ ។

ក្រុម Les Herbiers មិនបានបង្កើតឲ្យមានលទ្ធផលមួយ ក្នុងចំណោមលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់ឡើយ ប៉ុន្តែបានផ្តល់ការលំបាកជាច្រើនដល់ក្រុម Paris Saint-Germain មុននឹងរងបរាជ័យក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពានបារំង Cup វគ្គផ្តាច់ព្រ័ត្រនេះ ។

វាជាការបង្ហាញពីទម្រង់លេងប្រកបដោយភាពក្លាហានមួយពីសំណាក់ក្រុម Les Herbiers បើទោះបីវាមានភាពស្រពេចស្រពិលតិចតួចណាស់ដែលក្រុម PSG នឹងឈ្នះពានបារាំង Cup ជាលើកទី៤ជាប់ៗគ្នាក៏ដោយ ខណៈដែលជ័យជម្នះនេះ បានជួយឲ្យពួកគេឈ្នះពានក្នុងស្រុកទាំង៣របស់បារាំងតែម្តងនៅរដូវកាលនេះ ៕


ចែករំលែក៖