ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

Real Madrid ចាប់អារម្មណ៍ខ្សែប្រយុទ្ធអេហ្សុីប Salah មកជំនួសកន្លែង Gareth Bale

សារព័ត៌មានរបស់អេស្ប៉ាញបានផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិអេហ្សុីប Mohamed Salah គឺជាកីឡាករមួយរូបក្នុងចំណោមខ្សែប្រយុទ្ធឆ្នើមផ្សេងទៀត ដែលមានឈ្មោះក្នុងបញ្ជី ក្លិបអធិរាជស Real Madrid ចង់បានបំផុតគោលបំណងយកមកជំនួសកន្លែងកីឡាករ Gareth Bale ដែលជាទិសដៅសម្រាប់លក់ចេញរដូវកាលក្រោយ។

Bale និង Benzema គឺជាកីឡាករពីររូបដែលនឹងត្រៀមចាកចេញពីក្រុម ខណៈអ្នកចាត់ការទូទៅលោក Zinidine Zidane កំពុងសម្លឹងមើលខ្សែបម្រើនាំលេង Eden Hazard របស់ក្រុម Chelsea និង ខ្សែប្រយុទ្ធ Robery Lewandowski របស់ Bayern Munich ព្រមទាំងកីឡាករ៣រូបផ្សេងទៀតគឺ Neymar, Harry Kane និង Mauro Icardi មកកសាងក្រុមឡើងវិញនៅរដូវក្តៅខាងមុខ។

Mohamed Salah បានសាងគុណសម្បត្តិជួយក្រុម ជម្រើសជាតិអេហ្សុីបមានកៅអីទៅលេងនៅ World Cup ២០១៨ និងបង្ហាញទម្រង់លេងល្អបំផុតក្រោយផ្ទេរពីក្រុម Roma មកលេងនៅហង្សក្រហម Liverpool កាលពីដើមរដូវកាល ២០១៧-២០១៨ ស្របពេលទម្រង់លេងរបស់ Salah គឺត្រូវនឹងការចង់បានរបស់ក្រុម Real Madrid ដើម្បីកែប្រែ និងពង្រឹងទម្រង់លេងរបស់ក្រុមឲ្យល្អប្រសើរជាងមុនមួយកម្រិតទៀត។

ស្របពេលដែលក្រុម Real Madrid បង្ហាញការចាប់អារម្មណ៍ចង់បាន Salah ក្រុមហង្សក្រហម Liverpool បានដាក់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះរហូតដល់ ១៦៦លានផោនឯណោះ ពោលគឺច្រើនជាងតម្លៃខ្លួន Phillipe Coutinho ដែលបានលក់ទៅក្រុម Barcelona ហើយវាជាតម្លៃដូចដែលក្រុម PSG ព្រមព្រៀងទិញ Kilyan Mbappe ពីក្រុម Monaco ដូចកាលពីដើមរដូវកាលដូច្នេះដែរ។

យោងទៅតាមការស្រាវជ្រាវរបស់ មជ្ឈមណ្ឌលសិក្សាពីកីឡាហៅកាត់ CIES ខ្សែប្រយុទ្ធ Mohamed Salah មានតម្លៃខ្លួនលើទីផ្សារដោះដូរកើនដល់៧៤,៧លានអឺរ៉ូនៅ៦ខែចុងក្រោយនេះ និងមានល្បឿនលឿនជាងគេបើធៀបជាមួយកីឡាករផ្សេងទៀត។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្សុីបវ័យ២៥ឆ្នាំរូបនេះបានផ្ទេរពី Roma ទៅ Liverpool ក្នុងតម្លៃ ៤២លានអឺរ៉ូ ស៊ុតបញ្ចូលទី៣២គ្រាប់ក្នុង៤០ប្រកួតជួយក្លិបហង្សក្រហមស្ថិតក្នុងតំបន់ Top ៤ គិតត្រឹមសប្ដាហ៍ទី៣០នៅ Premier league និងរកគ្រាប់បាល់បានច្រើនជាងគេនៅរដូវកាល នេះផងដែរ។

CIES បានវាយតម្លៃថា Salah បច្ចុប្បន្នមានសន្ទុះថ្លៃកើនឡើងលឿនជាងគេខណៈ Ederson ឈរលេខ២ មានតម្លៃខ្លួនកើនដល់ ៧៤,៤លានអឺរ៉ូ។ លេខ៣មិនទៅណាឆ្ងាយពីក្រុម Manchester City គឺបានទៅលើ Leroy Sane មានតម្លៃ៦៣លានអឺរ៉ូ៕ ដេវីត