ព័ត៌មានទាន់ហេតុការណ៍៖

Ronaldinho ទើបតែសម្រេចចិត្តចូលនិវត្តន៍ក្រោយអត់លេងបាល់៣ឆ្នាំ

កីឡាករ Ronaldinhoដែលធ្លាប់ជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះជើងឯក World Cup បានសម្រេចចិត្តចូលនិវត្តន៍ហើយក្នុងវ័យ៣៧ឆ្នាំ។

អតីតតារាឆ្នើមរបស់ Barcelona នេះមិនបានលេងបាល់ទាត់អាជីពចាប់ តាំងពីចាកចេញពីក្រុម Fluminenseក្នុងឆ្នាំ២០១៥មកម្ល៉េះ។

Ronaldinho ដែលគេចាត់ទុកជាវីរបុរសប្រេស៊ីលចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយក្លិប Gremio មុនផ្ទេរទៅ Paris St-Germain ក្នុងឆ្នាំ២០០១។ ចាកចេញពីបារាំងកីឡាកររហស្សនាមថា មុខសេះបានរួមរស់ជាមួយ Barcelona ៥ឆ្នាំ មុនចាកចេញទៅ ACMilan ហើយក្រោយមករសាត់អណ្ដែតដល់ក្លិបមួយចំនួនដូចជា Atletico Mineiro, Queretaro និង Fluminense។

គួរបញ្ជាក់ថា Ronaldinho ដែលសម្បូណ៌បច្ចេកទេសបណ្ដើរបាល់ បានឈ្នះពានធំៗជាច្រើនក្នុងអាជីពដូចជា World Cup, La Liga, Champions League, Serie A ពិសេសគឺពានកីឡាករឆ្នើមពិភពលោក Ballon d’Or ៕ ដេវីត