ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo, Modric និង Salah ក្លាយទៅជាបេក្ខជនចុងក្រោយដែលអាចឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ២០១៨

កីឡាករបីរូបចុងក្រោយ ត្រូវបានប្រកាសឲ្យដឹងថា នឹងអាចឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៨ ដោយមានកីឡាករ Cristiano Ronaldo, Luka Modric និង Mohamed Salah។

អ្វីដែលភ្ញាក់ផ្អើលសម្រាប់អ្នកតាមដានវិស័យបាល់ទាត់នោះគឺ ខ្សែប្រយុទ្ធ Lionel Messiពុំមានឈ្នោះក្នុងចំណោមបេក្ខជន៣រូបចុងក្រោយនេះហើយក៏ជាលើកដំបូងដែល Lionel Messiត្រូវកាត់ឈ្នោះចេញក្នុងរយះពេល១២ឆ្នាំចុងក្រោយ ។

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ Lionel Messi ចាប់ផ្ដើមមានមុខក្នុងការដណ្ដើមពានកីឡាករល្អបំផុតរបស់ FIFA ដែលកាលនោះមានឈ្មោះថា FIFA World Player កាលពីឆ្នាំ២០០៧។ នៅពេលនោះ កីឡាករទទួលបានលេខ២ និងបន្តទទួលបានចំណាត់ថ្នាក់ដូចគ្នា នៅមួយឆ្នាំបន្ទាប់។ នៅឆ្នាំ២០០៩ ខ្សែប្រយុទ្ធអាហ្សង់ទីនបានឈ្នះពានរង្វាន់មួយនេះ។នៅពេលដែល FIFA World Player បានរួមបញ្ចូលជាមួយ Ballon D’or នៅឆ្នាំ២០១០ ខ្សែប្រយុទ្ធ Messi នៅតែបន្តធ្វើជាម្ចាស់ពានរង្វាន់មួយនេះ ហើយបន្តគ្រងតំណែងនៅ២ឆ្នាំបន្ទាប់។

នៅឆ្នាំ ២០១៣ និងឆ្នាំ២០១៤ Lionel Messi បានត្រឹមលេខ២ ខណៈ Cristiano Ronaldo គឺជាអ្នកឈ្នះក្នុងអំឡុងពេលនោះ។ ទោះជាយ៉ាងណានៅឆ្នាំ ២០១៥ ខ្សែប្រយុទ្ធអាហ្សង់ទីនបានឈ្នះពានរង្វាន់នេះម្ដងទៀត។

នៅឆ្នាំ ២០១៦ និង២០១៧ កីឡាករបានបន្តឈរលេខ ២ នៅពីក្រោយ Cristiano Ronaldo។ ក្នុងឆ្នាំ ២០១៨ ខ្សែប្រយុទ្ធមិនបានស្ថិតក្នុងបេក្ខភាពទាំងបីដើម្បីប្រជែងរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA។

ខ្សែប្រយុទ្ធព័រទុយហ្គាល់Ronaldoបានលើកពានរង្វាន់Champions Leagueចំនួន៤ដងក្នុង រយៈពេល៥ឆ្នាំជាមួយនឹងក្រុមReal Madridមុនពេលផ្លាស់ទៅកាន់Juventus។ កីឡាករ វ័យ៣៣ឆ្នាំនេះក៏ធ្លាប់បានឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ2008, 2013, 2014, 2016 និង 2017 ។

ចំណែកខ្សែបម្រើអន្តរជាតិក្រូអាត Luka Modric ក៏បានចូលរួមចំណែកច្រើនជួយក្រុម Real Madridឈ្នះជើងឯកChampions League ផងដែរមិនត្រឹមតែប៉ុណ្ណោះគាត់បានជួយក្រុម ជម្រើសជាតិក្រូអាតឡើងទៅវគ្គចុងក្រោយនៃWorld Cupជាលើកដំបូងតែត្រូវចាញ់បារាំង ៕ ដេវីត