ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

Smart បានពានរង្វាន់មាសសម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ត្រូវបានទទួលស្គាល់ ដោយអគ្គនាយកដ្ឋានពន្ធដារជាមួយនឹងពានរង្វាន់មាស សម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន ។ តាមរយៈការទទួលពានរង្វាន់នេះ ក្រុមហ៊ុន Smart បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានទទួលស្គាល់ក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួន ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ័កាលពីថ្មីៗនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានកោតសរសើរការប្រកាន់ខ្ជាប់របស់ក្រុមហ៊ុន Smart ចំពោះគោលការណ៍ណែនាំ និងតម្រូវការពន្ធសម្រាប់វិស័យទូរគមនាគមន៍ ។ លោក គង់ វិបុល បានមានប្រសាសន៍ថា៖“ ក្រុមហ៊ុនSmart បានខិតខំយ៉ាងខ្លាំងដើម្បីអនុវត្តតាមគោលការណ៍ណែនាំស្តីពីការអនុវត្តពន្ធដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ។ នេះគឺជាសក្ខីភាពនៃការអនុវត្តគំរូរបស់ពួកគេនៅក្នុងប្រទេស ។ យើងសង្ឃឹមថាពានរង្វាន់នេះនឹងដើរតួជាការលើកទឹកចិត្តដល់អ្នកបង់ពន្ធទាំងអស់នៅប្រទេសកម្ពុជាអោយគាំទ្រដល់កំណើននិងការអភិវឌ្ឍន៍របស់ប្រទេសតាមរយៈការអនុវត្តពន្ធត្រឹមត្រូវនិងទាន់ពេលវេលា ។  ”ពានរង្វាន់មាសនេះត្រូវបានផ្តល់ឲ្យក្រុមហ៊ុនណាដែលទទួលបានពិន្ទុចន្លោះពី១៦ទៅ២០ក្នុងលក្ខណៈវិនិច្ឆ័យចំនួន១២ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារដែលផ្តោតលើការអនុលោមតាមកាលកំណត់នៃការទូទាត់និងការដាក់ស្នើឯកសារជាក់លាក់នៅពេលត្រូវបានស្នើសុំពីអគ្គនាយកដ្ឋាន ។

នាយកប្រតិបត្តិក្រុមហ៊ុនSmart Axiata លោកថូម៉ាសហ៊ុនបានមានប្រសាសន៍ថាពានរង្វាន់គឺជាមោទនភាពមួយរបស់ក្រុមហ៊ុន។

លោកថូម៉ាសហ៊ុនបានបន្ថែមទៀតថា៖“ក្រុមហ៊ុនSmart តែងតែបំពេញទំនួលខុសត្រូវសម្រាប់ជាតិយ៉ាងយកចិត្តទុកដាក់បំផុតហើយយើងនៅក្រុមហ៊ុនSmart បានប្តេជ្ញាចិត្តចំពោះបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុតនៅអ្វីគ្រប់យ៉ាងដែលយើងធ្វើ ។ នេះគឺរាប់ពីការផ្តល់ជូននូវសេវាឈានមុខគេក្នុងឧស្សាហកម្មរបៀបវារៈកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុហ៊ុនយ៉ាងសកម្មថែមទាំងតម្រូវការបង់ពន្ធដែលបានកំណត់ និងការចូលរួមវិភាគទានដល់ទ្រព្យសម្បត្ដិរដ្ឋ។ការទទួលបានវិញ្ញាបនបត្រ័បែបនេះសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ចពន្ធគឺពិតជាមោទនភាពមួយសម្រាប់ពួកយើង។”

ក្រុមហ៊ុនSmart ដែលបានបង់ពន្ធចំនួន៧៦,៤លានដុល្លារក្នុងការអនុវត្តបទបញ្ជាប្រាក់សគុណឆ្នាំ២០១៧នឹងបន្តជាក្រុមហ៊ុនដែលបង់ពន្ធធំជាងគេបំផុតមួយក្នុងប្រទេស។ការចូលរួមវិភាគទានពន្ធរបស់ក្រុមហ៊ុនតែឯងមានចំនួនតំណាងឲ្យ៣ភាគរយនៃចំណូលថវិការជាតិសរុបកាលពីឆ្នាំមុន។

ក្នុងរបាយការណ៍សារព័ត៌មានមួយបានសរសេរថាក្នុងឆ្នាំ២០១៧អគ្គនាយកដ្ឋានពន្ធដារបានប្រមូលប្រាក់ចំណូលបានចំនួន១,៩៣ពាន់លានដុល្លាពោលគឺកើនឡើង៣០ភាករយធៀបនឹងឆ្នាំមុនហើយបានប្រកាសប្រមូលប្រាក់ចំនួនបាន៧៦១លានដុល្លារនៅក្នុងត្រីមាសទី១នៃឆ្នាំ២០១៨៕ វឌ្ឍនា