ព័ត៌មានទាន់ហេតុការណ៍៖

Son Heung-minខកចិត្តនឹងទម្រង់លេងអន់របស់ខ្លួនក្រោយចាញ់ស៊ុយអែត

កីឡាករSon Heung-minខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាសTottenhamបានសម្តែងការខកចិត្តយ៉ាងខ្លាំងនិងបន្ទោសខ្លួនឯងថាលេងអន់ពេលកូរ៉េខាងត្បូងចាញ់ក្រុមជម្រើសជាតិស៊ុយអែតក្នុងប្រកួតដំបូងរបស់ខ្លួននៅWorld Cup។

ក្រុមជម្រើសជាតិស៊ុយអែតយកឈ្នះកូរ៉េខាងត្បូងដោយលទ្ធផល ១-០ ហើយទទួលបាន៣ពិន្ទុនៅពូល F។ការប្រកួតនៅវគ្គទី១ ស៊ុយអែតបានព្យាយាមវាយសម្រុកយ៉ាងខ្លាំងនិងមានឱកាសបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ព្រមទាំងស៊ុតជាច្រើនលើកប៉ុន្តែត្រូវបានអ្នកចាំទីរបស់កូរ៉េខាងត្បូងជួយសង្គ្រោះបាន។ចំណែកកូរ៉េខាងត្បូងវិញ ក្រៅពីប្រើប្រព័ន្ធការពារខ្លាំងក៏បានព្យាយាមវាយបកម្តងម្កាលដែរ។ យ៉ាងណាការវាយបកនេះត្រូវបានខ្សែការពារស៊ុយអែតរារាំងបានយ៉ាងល្អ។

៤៥នាទីវគ្គទី២បានចាប់ផ្តើមឡើងដោយក្រុមកូរ៉េខាងត្បូងបានបង្កើនការគ្រប់គ្រងបាល់និងព្យាយាមសម្រុកវិញម្តង ប៉ុន្តែគ្មានប្រសិទ្ធភាព។ផ្ទុយទៅវិញការសម្រុករបស់ស៊ុយអែតនៅតំបន់គ្រោះថ្នាក់បណ្តាលឲ្យខ្សែការពារកូរ៉េខាងត្បូងបង្កកំហុសហើយអាជ្ញាកណ្តាលបានផ្តល់ពិន័យ១១ម៉ែត្របន្ទាប់ពីពិនិត្យមើលវីដេអូជំនួយអាជ្ញាកណ្តាលរួច។បាល់ប៉េណាល់ទីដោយ Andreas Granqvistនៅនាទី៦៥ សមល្មមនឹងផ្ដល់៣ពិន្ទុដល់ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត។

ខ្សែប្រយុទ្ធSon Heung-minបាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយប្រកួតចប់ថា “ខ្ញុំពិតជាខកចិត្តនឹងទម្រង់លេងរបស់ខ្ញុំណាស់។ ខ្ញុំគិតថាខ្ញុំគឺជាអ្នករកជ័យជម្នះជូនក្រុមប៉ុន្តែមិនអាចធ្វើបានហើយលេងមិនបានល្អទៀត។ ទោះបីជាយ៉ាងណាក្តីយើងត្រូវតែទទួលស្គាល់លទ្ធផលនេះហើយត្រៀមខ្លួនលេងជាមួយនឹងម៉ិចស៊ីកូក្នុងប្រកួតបន្ទាប់ទៀត” ៕ ដេវីត