ព័ត៌មានទាន់ហេតុការណ៍៖

U15នារីកម្ពុជាឈ្នះU15សិង្ហបុរី ២-១ ក្នុងពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 នៅប្រទេសឡាវ

ចែករំលែក៖

 

ប្រទេសឡាវ ៖ ក្រុមបាល់ទាត់នារីក្រោមអាយុ១៥ឆ្នាំរបស់កម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ក្រោមអាយុ១៥ឆ្នាំ របស់សិង្ហបុរី ក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 នៅប្រទេសឡាវ។ ជ័យជម្នះនេះ ធ្វើឲ្យក្រុមបាល់ទាត់នារីកម្ពុជាទទួលបាន៣ពិន្ទុ ក្នុងពូលB កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋាន KM16 របស់ប្រទេសឡាវ ។

កីឡាការិនី ពេជ យូឈុនអ៊ី ពាក់អាវលេខ៤ របស់កម្ពុជា ជាអ្នករកគ្រាប់បាល់នាំមុខសិង្ហបុរី ១-០ នៅនាទីទី៣០ ដោយការបញ្ជូនបាល់ពីកីឡាការិនីស្លាបស្តាំ បោះចូលតំបន់កណ្តាល ហើយអ្នកចាំទីសិង្ហបុរីព្យាយាមចាប់ ធ្វើឲ្យរបូតចេញពីដៃ ក៏ធ្វើឲ្យពេជ យូឈុនអ៊ី បន្ថែមចូលសំណាញ់ទីតែម្តង ។ ចូលដល់តង់ទី២ នៅនាទីទី ៧១ កីឡាការិនី Putri Nur Syaliza ពាក់អាវលេខ១១ របស់សិង្ហបុរីបានរកគ្រាប់បាល់តាមស្មើវិញ ធ្វើឲ្យលទ្ធផល ១-១។ ប៉ុន្តែ ជិតចប់តង់ទៅហើយ គឺនៅនាទីទី៧៩ កីឡាការិនី កយ មួយកញ្ញា ពាក់អាវលេខ២២ បានស៊ុតបាល់ពីចម្ងាយ បំប៉ោងសំណាញ់ទីសិង្ហបុរី ធ្វើឲ្យចប់ការប្រកួត៨០នាទី កម្ពុជាយកឈ្នះសិង្ហបុរី ២-១ ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 ធ្វើឡើងនៅក្នុងទឹកដីឡាវជាម្ចាស់ផ្ទះ ចែកចេញជា២ពូល គឺពូលB មានក្រុមកម្ពុជា សិង្ហបុរី ហ្វ៊ីលីពីន និងឥណ្ឌូនេស៊ី។ ចំណែកពូលA មានក្រុមថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវជាម្ចាស់ផ្ទះ ។ U15នារីកម្ពុជា នឹងប្រកួតជាមួយ U15 នារីឥណ្ឌនេស៊ីនៅល្ងាច ថ្ងៃទី១៣ ខែឧសភាបន្តទៀតក្នុងវគ្គជម្រុះតាមពូល ។

ជ័យជម្នះរបស់ U15នារីកម្ពុជាត្រូវបានគ្រូបង្វឹកលោក មាស សំអឿន មានសង្ឃឹមខ្ពស់ និងមានជំនឿចិត្តថា អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយ ដោយលោកមើលឃើញពីទម្រង់លេងរបស់កីឡាការិនី គឺគ្របដណ្តប់ លើក្រុមសិង្ហបុរី និងមានឱកាសច្រើនជាងគូប្រកួត ៕ សារីម


ចែករំលែក៖