ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ ករណីរថយន្តបែនបុករះនៅខេត្តព្រះសីហនុបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាល នៅផ្លូវបំបែកស្ថានីយរថភ្លើង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់ បណ្តាលឲ្យបុរស២ និងស្ត្រីម្នាក់ស្លាប់នៅក្នុងកន្លែងកើតហេតុ និងមនុស្សក្មេង.ចាស់ចំនួន០៤នាក់ផ្សេងទៀតរងរបួសស្រាល.ធ្ងន់ ក្រោយកើតហេតុបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល។

សមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០.០០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០១៨ នៅចំណុចខាងមុខស្ថានីយប្រេងស៊ូគីមុិច ផ្លូវបំបែកស្ថានីយរថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបង្កឡើងដោយរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស មិនមានស្លាកលេខបើកបរដោយឈ្មោះ វ៉ុន ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិអន្លុងម្លូរ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា មុនកើតហេតុ រថយន្តបង្កខាងលើដឹកខ្សាច់បើកបរចុះមកពីចំណោតលោកយាយម៉ៅ ពីកើត សំដៅទៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ក្នងល្បឿនលឿន ដោយសារតែមានបញ្ហាហ្វ្រាំងមិនជាប់ ពេលផ្លូវចុះចំណោតផង ក៏ទៅបុកអ្នកបើកបរម៉ូតូ ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ រួចបន្តទៅបុករថយន្តដែលកំពុងធ្វើដំណើរខាងមុខបុករះបន្តកន្ទុយគ្នា និងមានរថយន្តតាក់សុីដែលកំពុងតែចតរង់ចាំដឹកអ្នកធ្វើដំណើរបណ្តាលឲ្យរងការខូចខាតរថយន្ត÷

០១/ រថយន្តម៉ាក សឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2.L.0858 ជារថយន្តរបស់លោក អ៊ុក កាលីន ប្រធានច្រកកំពង់ផែ សេដ្ឋកិច្ចទំនប់រលក នៃសាលាខេត្តព្រះសីហនុ ។

០២/ រថយន្ត តូរីស ១២កៅអី ពណ៌ស លាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3D.4876។

០៣/ រថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C.9963។

០៤/ រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខ ។

០៥/ រថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.9386 និង

ខូចខាតម៉ូតូចំនួន២គ្រឿង ម៉ាកវេវ អាល់ហ្វា ជាម៉ូតូជនរងគ្រោះដែលស្លាប់ រងការខូចខាតទាំងស្រុង និង ម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ បុកដាច់ស្លាកលេខបាត់ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ឈ្មោះ៖ ១/ ឈ្មោះឌឹម ហ៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចង្ហោន ឃុំត្រពាំងល្ពៅ ស្រុកទឹកឈូរ ខេត្តកំពត។ ០២/ ឈ្មោះ ហុឹម ឃីន ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះខាងលើ សាកសពត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ រីឯសាកសពជនរងគ្រោះម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

ដោយឡែកវត្ថុតាងរថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋានខេត្តព្រះសីហនុ ស្ទូចយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ។

នៅពេលវេលាខាងលើ ក៏មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តបុកម៉ូតូនៅចំណុចអតីត ដីក្រុមហ៊ុនអារីស្តុន ក្នុងភូមិ៤ សង្កាត់លេខ៤ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ទិត្យ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ដោយឡែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានដឹកយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរខាងលើរង់ចាំដោះស្រាយនៅពេលក្រោយ ។

លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ទទួលបន្ទុកការិយាល័យសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរផ្លូវគោក បានឲ្យដឹងថា ករណីរថយន្តបុករះបន្តកន្ទុយគ្នា ចំណុចកើតហេតុខាងលើ បានកើតឡើងជាញឹកញាប់ បង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងមានរបួសស្រាល ធ្ងន់ បាត់បង់អាយុជីវិតមនុស្ស ដោយសារតែការអនុវត្តច្បាប់របស់នគរបាលការិយាល័យសណ្តាប់ធ្នាប់ចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅមានកម្រិត មានការឆកល្វែង ក្នុងការអនុវត្តច្បាប់ ដូចជាករណីបណ្តែតបណ្តោយឲ្យរថយន្តដឹកសំពីងសំពោង រថយន្តធុនធំ ដឹកលើសទម្ងន់ សណ្តោងកន្ទុយរ៉ឺម៉កដឹកសម្ភារសំណង់ ចូលក្នុងក្រុង ការឈប់ចតរថយន្តនៅលើចិញ្ចើមផ្លូវសាធារណ: បែបមិនរៀបរយបង្កឲ្យមានការកកស្ទះ។ល។

ប្រភពខាងលើបានលើកឧទាហរណ៍ថា ជាវិធានការនៅក្នុងករណីគ្រោះទឹកជំនន់លិចលង់ ត្រូវតែលើកជាទំនប់ការពាររួចនាំគ្នាបាចទឹក ឬដាក់ម៉ាសុីនបូបទឹកចេញ ទើបដោះស្រាយបញ្ហាដែលប្រឈមបាន? ចុះបើយើងទាំងអស់គ្នា ជាសមត្ថកិច្ចអ្នកអនុវត្តច្បាប់មិនបានសហការ និងមានវិធានការទុកឲ្យប្រជាពលរដ្ឋរងគ្រោះ ជាបន្តបន្ទាប់ ដូចជាករណីខាងលើជាភស្តុតាងស្រាប់ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងថ្ងៃកើតហេតុខាងលើ ជនបើកបររថយន្តបង្កហេតុបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបួសស្រាល ធ្ងន់ និងស្លាប់បាត់បង់អាយុជីវិតមនុស្ស ត្រូវបានលោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងទទួលកិច្ចការសណ្តាប់ធ្នាប់សាធារណ: នៃការិយាល័យចរាចរផ្លូវគោកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហាមឃាត់មិនឲ្យអ្នកសារព័ត៌មានផ្តិតយករូបភាពជនបង្កហេតុមកផ្សព្វផ្សាយឲ្យសារធារណ:ជនបានឃើញឡើយ ៕ ឆ្លាម សមុទ្រ