ព័ត៌មានទាន់ហេតុការណ៍៖

Zimbabwe៖ មេទ័ពក្បត់ធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី

 

កម្លាំងទាហានបានដាក់ពង្រាយនៅទូទាំងទីក្រុង Harare ប្រទេស Zimbabwe ហើយគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ នៅថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយពេលប្រធានាធិបតី Robert Mugabe ចោទប្រកាន់មេទ័ពមានសកម្មភាពក្បត់។

ភាពតានតឹងនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយពេលដែលឧត្តមសេនីយ៍ មេបញ្ជាការកងទ័ព លោក Constantino Chiwenga និយាយថា លោកបានត្រៀមលក្ខណៈជ្រៀតជ្រែក ដើម្បីបញ្ចប់សកម្មភាពស្រាវជ្រាវទៅលើអនុប្រធានាធិបតី Emmerson Mnangagwa។ អនុប្រធានាធិបតី ត្រូវបានប្រធានាធិបតីRobert Mugabeដកហូតតំណែង កាលពីសប្តាហ៍កន្លងមក ដើម្បីជួយដល់ភរិយារបស់លោក គឺលោកស្រី Grace Mugabe ងាយស្រួលក្នុងការស្នងតំណែងប្រធានាធិបតី។

កាលពីមួយខែមុន អនុប្រធានាធិបតី Mnangagwa អតីតមេទ័ព ដែលមានរហស្សនាមថា «ក្រពើ» ត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងប្រធានាធិបតី ប៉ុន្តែក្រោយមក ត្រូវដកហូតតំណែង។ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រធានាធិបតី Robert Mugabe អាយុ ៩៣ឆ្នាំ បានកោះប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ។ ក្រោយមក គណបក្សកាន់អំណាចបានចេញសេចក្តីប្រកាសចោទប្រកាន់ លោកChiwenga ដែលជាមេទ័ព មានសកម្មភាពក្បត់។

NKD-36x6_outline

ក្នុងរយៈពេល២៤ម៉ោង គេបានមើលឃើញរថក្រោះ រថពាសដែកនៅពាសពេញទីក្រុង ហើយកម្លាំងទាហានក៏បានទៅគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដណ្តើមគ្រប់គ្រង ។ ក្រោយមក មិនយូរ គេឬសូរសម្លេងផ្ទុះអាវុធខ្លាំងៗនៅក្នុងក្រុងចំនួន៣លើក។

បើទោះបីកម្លាំងទាហានមានវត្តមាននៅគ្រប់ទិសទីក្នុងរដ្ឋធានី ប៉ុន្តែ កម្លាំងទាហានមិនទាន់ចេញសេចក្តីប្រកាសណាមួយស្តីពីបញ្ហាពាក់ព័ន្ធជាមួយប្រធានាធិបតី ដែលជាអ្នកកាន់អំណាចរយៈពេល៣៧ឆ្នាំនៅក្នុងប្រទេសនេះឡើយ។

ចំណែករដ្ឋាភិបាលវិញ មានតែលោក Isaac Moyo អគ្គរដ្ឋទូត Zimbabwe ប្រចាំនៅអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិបាល នៅតែដឹកនាំដដែលហើយទម្លាក់កំហុសទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយយោធាផ្សាយមិនពិត៕ ម៉ែវ សាធី