ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូ លក់លៀសហាល និងដូងក្រឡុក ដើម្បីរកប្រាក់ចិញ្ចឹមម្ដាយនិងឪពុកពិការ ត្រូវបានរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់ដែលតែងតែជិះម៉ូតូលក់លៀសហាល និងដូងក្រឡុក តាមភូមិ/ស្រុក នានានៅក្នុងទឹកដីខេត្តកំពង់ធំ ជួបអកុសលត្រូវបានរថយន្តបុកស្លាប់ យ៉ាងអាណោចអាធ័ម។

អ្នកភូមិជិតខាងផ្ទះជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នេះគឺជាក្មេងល្អណាស់មានចរិតស្លូតបូត ចេះគោរពចាស់ទុំញាតិមិត្តក្នុងភូមិ មិន ដែលមានទំនាស់ពាក្យសម្ដីជាមួយអ្នកណាឡើយ។

អ្នកភូមិទាំងនោះបន្តឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃយុវជនដែលស្លាប់នេះ តែងតែជិះម៉ូតូដើរលក់ដូងក្រឡុក និងលៀសហាល ដើម្បីបានប្រាក់យកមកចិញ្ចឹមម្តាយ រួមទាំងឪពុកពិការជើង និងសន្សំប្រាក់ខ្លះធ្វើផ្ទះមិនទាន់បានរួចរាល់ផង ស្រាប់តែជួបគ្រោះអកុសលបណ្តាលឲ្យស្លាប់ចោលម្តាយនិងឪពុកពិការជើង ដែលរស់រាល់ថ្ងៃសង្ឈឹមលើកូនម្នាក់នេះរកសុីចិញ្ចឹមនោះ។ តទៅតើឱ្យពួកគាត់រំពឹងអ្វីទៀត។

លោកវរៈសេនីយ៍ទោឃួន វុទ្ធី អធិការស្រុកប្រាសាទសំបូរ បានបញ្ជាក់ឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ ២០២៣ វេលាម៉ោងប្រហែល៦ និង២៥ នាទីព្រឹក នៅចំណុចភូមិអ៊ាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តបើកបរបញ្ច្រាសទិសគ្នាបណ្ដាលឱ្យស្លាប់មនុស្ស១នាក់និងខូចខាតរថយន្ត១គ្រឿងម៉ូតូ១គ្រឿង។

ក្នុងនោះមានម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០២២ ពាក់ផ្លាកលេខកំពង់ចាម1AD-4572 បើកបរដោយឈ្មោះ សាំង លាក់ ភេទប្រុសអាយុ២៤ ឆ្នាំ មានទីលំនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ឌុបថាសលក់លៀស ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើបានរេចង្កូតបុកជាមួយ រថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AD-8833 បើកបរដោយឈ្មោះ មុំ  លីនួល ភេទប្រុសអាយុ ៤២ ឆ្នាំមានទីលំនៅភូមិចំរេះ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានទិសដៅពីកើតទៅលិច បានរត់គេចពីកន្លែងកើតហេតុ។

ប្រភពដដែលបញ្ជាក់ទៀតថាករណីនេះបណ្ដាលឱ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះសាំង លាក់ភេទប្រុសនៅហ្នឹងកន្លែងកើតហេតុ។ មន្ត្រីនគរបាលថា មូលហេតុ បណ្ដាលមកពីអ្នកបើកបរម៉ូតូជិះរេចង្កូតចូលមកខាងស្ដាំរថយន្ត(បើកបរមិនប្រកាន់ស្ដាំ)។

បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការស៊ើបអង្កេតប្រមូលភស្តុតាង ម៉ូតូ រថយន្តដើម្បីកសាងសំនុំរឿងតាមមតិវិធីនិងប្រគល់សាកសពជូនគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖