មនុស្សពេញមួយនគរកំពុងនាំគ្នាភ័យព្រួយនឹងការរីករាលដាលជំងឺកូវីដ-១៩ រហូតអ្នកខ្លះដេកមិនលក់ បក់មិនល្ហើយស្រាប់តែនៅសុខៗ ប៉ុន្មានថ្ងៃមកនេះមកលិចរឿងគួរឲ្យចាប់អារម្មណ៍ចំនួន៤ ល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកខ្លះអស់ពីភ័យព្រួយនាំគ្នាអាណិតស្រក់ទឹកភ្នែក នាំគ្នាខឹងសម្បារដាក់ទំនាយនិងខ្លះទៀតនាំគ្នាអស់សំណើច។
នាយជាលបានកត់សម្គាល់ឃើញថារឿងដែលចាប់អារម្មណ៍ទាំង៤នោះ គឺទី១រឿង លោក សុវណ្ណ រិទ្ធី ជានាយកការផ្សាយទូរទស្សន៍អនឡាញក្នុងស្រុកមួយដែលទើបចេញពីពន្ធនាគារ យំស្ពែបព្រោះប្រពន្ធសុំលែង។រឿងរ៉ាវរបស់លោក សុវណ្ណ រិទ្ធី នេះបានស្តាប់ហើយក៏មានអ្នកខមិនខ្លះមានការអាណិតអាសូរស្រក់ទឹកភ្នែកព្រោះតែគាត់ទើបចេញពីពន្ធនាគារមិនបានប៉ុន្មានថ្ងៃផងត្រូវប្រពន្ធសុំលែងបែកបាក់ប្រពន្ធកូន។ រឿងនេះក៏មិនខុសរឿងទី២ដែរ គឺលោកឧកញ៉ា ឌួង ឆាយ ដែលអ្នកណាក៏ដឹងដែរថាគាត់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់និងរមែងចំណាយធនធានផ្ទាល់ខ្លួនផ្តល់អំណោយមនុស្សធម៌ដល់ជនក្រីក្រច្រើននាក់។លោកមានទ្រព្យច្រើនយ៉ាងនេះគួរតែទទួលបានសុភមង្គលក្នុងគ្រួសារ ផ្ទុយទៅវិញនៅសុខៗស្រាប់តែបែកធ្លាយរឿងអពមង្គលឈានទៅបែកបាក់លែងលះជាមួយប្រពន្ធកូន ដោយសារប្រពន្ធបង្ហាញរូបភាពវីដេអូក្នុងកាម៉េរ៉ាសុវត្ថិភាពនៃការប្រើអំពើហិង្សាវាយទាត់ធាក់យ៉ាងចាស់ដៃរបស់លោកឧកញ៉ាមកលើប្រពន្ធ។ទង្វើនេះធ្វើឲ្យប្រពន្ធទ្រាំលែងបានក៏សុំលែងលះចែកផ្លូវគ្នាដើរធ្វើឲ្យប្តីប្រពន្ធ១គូនេះដណ្តើមគ្នាដេកកណ្តាល(ដណ្តើមយកត្រូវរៀងខ្លួន)ហើយអ្វីគួរឲ្យអាណិតនោះគឺលោកឧកញ៉ាស្រែកយំដូចកូនក្មេងរហូតសម្តេចតេជោចោទសំណួរថាហេតុអី ឌួង ឆាយ ឃោឃៅយ៉ាងនេះ?
ចំណែករឿងទី៣ អ្វីដែលផុតពីភាពស្រណោះស្រណោកទឹកភ្នែកទឹកសំបោរទាំង២ខាងលើនោះចូលរឿងក្តៅក្រហាយម្តង។នោះគឺរឿង ភ្នាក់ងារចែកចាយជំងឺកូវីដ១៩ មានតួអង្គសម្តែងដោយនាងខ្ទើយ កក្កដា សុភ័ណ្ឌ(នាងក្តា) ដែលមានជំងឺកូវីដ-១៩មិនព្រមសម្ងំធ្វើចត្តាឡីស័កនៅផ្ទះបែរជាលួចចេញទៅចូលរួមមង្គលការគេនៅខេត្តតាកែវធ្វើឲ្យមនុស្សជិត៤០០នាក់ចូលរួមមង្គលការជាមួយ កក្កដា សុភ័ណ្ឌ ត្រូវអាជ្ញាធរមូលដ្ឋាន តាមស្រាវជ្រាវយកទៅធ្វើចត្តាឡីស័កទាំងគ្មានបានពេលដេកពួន។ កត្តាទាំងនេះព្រោះតែគេឃើញមានមនុស្សមួយចំនួននាពេលនោះមានភាពស្និទ្ធស្នាលជាមួយកក្កដា សុភ័ណ្ឌ ដែលអាចចម្លងមេរោគកូវីដ-១៩ យ៉ាងប្រាកដ។សកម្មភាពបែបនេះហើយបានធ្វើឲ្យមហាជនខឹងសម្បារនឹងកក្កដា សុភ័ណ្ឌ ដោយខ្លះជេរប្រទេចកប់ៗមាត់ ខ្លះជំរុញឲ្យពិន័យតាមច្បាប់ឬចាប់ដាក់គុក រហូតគេប្រសិទ្ធនាមថា កក្កដា សុ០ភ័ណ្ឌ ជាអ្នកចែកចាយជំងឺកូវីដ-១៩។
ឯរឿងទី៤គួរឲ្យអស់សំណើចនោះគឺមានសំណួរមួយសួរថា តើខេត្តពងទាកូនជាខេត្តអី្វ?មានមនុស្សជាច្រើនឆ្លើយមិនត្រូវ ការពិតខេត្តនេះជាខេត្តតាកែវសោះ បន្ទាប់ពីខេត្តមួយនេះសម្បូរពងទាហើយគេភ្ញាស់កូន(ពងទាកូន)ហូបយ៉ាងឆ្ងាញ់ រហូតមកដល់ពេលនេះរដ្ឋអំណាចបាននិម្មិត្តសញ្ញាខេត្តតាកែវជារូបបង្កងនិងពងទាកូនទៀតផង។
នេះគ្រាន់តែជាការកត់សម្គាល់លេងៗរបស់នាយជាលក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ សំខាន់សូមមិត្តអ្នកអាន ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឲ្យបាន ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា៕
ដោយ៖នាយជាល