ព័ត៌មានទាន់ហេតុការណ៍៖

update ៖ តុលាការសម្រេចឃុំខ្លួនស្ដ្រីម្នាក់ ករណីបង្ហោះសារមិនពិតតាមហ្វេសប៊ុក ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ​ បានបញ្ជូនស្ត្រីម្នាក់​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ដេីម្បីចាត់ការតាមច្បាប់​ ក្រោយរូបគាត់បង្ហោះសារមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុក( Facebook )​ ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលមានចេតនាញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ។ គឺលោក ព្រះរាជអាជ្ញារង ឆាយ ហុង បានសាកសួរតាមនីតិវិធីរួច ក៏បានសម្រេចធ្វើការចោទប្រកាន់ ពីបទ ញុះញង់បង្កអោយមាន ភាពវឹកវរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ បន្តនីតិវិធី ហើយចៅក្រមស៊ើបសួរលោក វណ្ណ សែនវិស្សុត សាកសួរតាមនីតិរួចរាល់ក៏សម្រេចឃុំខ្លួនបណ្តោះនៅពន្ធនាគារ(ម២)នៅរសៀលថ្ងៃទី១៦ ខែមីនានេះ។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា, យោងតាមរបាយការណ៍របស់សមត្ថកិច្ច​នគរបាល​ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ស្ដ្រីរូបនេះមានឈ្មោះ ថត គឹមសាន និងបានប្រើប្រាស់គណនី Facebook ឈ្មោះ «គឹមសាន អូក្រា» ហើយបានបង្ហោះខ្លឹមសារដែលមានលក្ខណៈញុះញង់ បង្កចលាចល វឹកវរដល់សន្តិសុខជាតិ ថា «អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់»។

គួររម្លឹកថា ស្ដ្រីឈ្មោះ ថត គឹមសាន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ និងអធិការនគរបាលខណ្ឌទួលគោក សហការជាមួយនាយកដ្ឋានស៊ើបការណ៍ក្រៅបច្ចេកទេស ចាប់ខ្លួនកាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រួច​បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដោយ​: សិលា


ចែករំលែក៖