ខេត្តរតនគិរី ៖ មកដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ សកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តរតនគិរី ឆ្លងទៅប្រទេសវៀតណាម បានដំណើរការជាង១សប្តាហ៍ហើយ ដោយប្រើមធ្យោបាយដឹកជញ្ជូនតាមម៉ូតូ យ៉ាងហោចណាស់ក៏ត្រូវប្រើម៉ូតូកែច្នៃជិត២០០គ្រឿង ដែលម៉ូតូ១គ្រឿងដឹកបានជិត១ម៉ែត្រគូប ឬទៅ១ម៉ែត្រគូប ។
ច្រកអន្តរជាតិអូរយ៉ាដាវ អត់ចេញឈើទេ តែគេប្រើច្រករបៀង ភុឡំ ទោះជាឡានដឹកទៅមិនកើត តែការដឹកជញ្ជូនឆ្លងដែនតាមម៉ូតូ អាចធ្វើចរាចរណ៍បានយ៉ាងគគ្រឹកគគ្រេងរាល់យប់់។ ជាក់ស្តែងយប់មុិញថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ គ្រាន់តែដឹកជញ្ជូនឆ្លងដែនតាមម៉ូតូ តាមការប៉ាន់ប្រមាណ រាយការណ៍ពីទឹកដីវៀតណាមណាម មកវិញថា, អាចជិត២០០ម៉ែត្រគូប ។
សូមបញ្ជាក់ថា, ការដឹកជញ្ជូនឈើចេញពីខេត្តរតនគិរី ឆ្លងទៅប្រទេសវៀតណាម ជាបទល្មើសខុសច្បាប់ ព្រោះមិនមែនជាផលិតផលសម្រេច មានប្រវេទន៍គយ មានច្បាប់អនុញ្ញាតអោយនាំចេញពីរាជរដ្ឋាភិបាលនោះឡើយ បទល្មើសនេះចាត់ទុកជាបទល្មើសឧក្រិដ្ឋ អ្នកប្រមូលទិញ ដឹកជញ្ជូនឆ្លងដែន ទោះប្រើមធ្យោបាយដឹកជញ្ជូនដោយមធ្យោបាយអ្វីក៏ដោយ ក៏នៅជាបទល្មើសឧក្រិដ្ឋ ។
គេរាយការណ៍ពីទឹកដីវៀតណាម ខេត្ត(យ៉ាឡេ) មកថា, នៅទឹកដីវៀតណាម គេមានសិទ្ធិទិញឈើជាលក្ខណៈជំហរ ខណៈក្រុមហ៊ុនទិញឈើ មានច្បាប់អនុញ្ញាតពីចៅហ្វាយខេត្ត ពីស្ថាប័នគយប្រទេសរបស់គេ ដូច្នេះឈើដែលដឹកឆ្លងទៅ ខាងវៀតណាម គឺគេចាំទទួលទិញទាំងអស់ រហូតដល់មួយយប់ៗ ឈ្មួញដឹកចូលទឹកដីវៀតណាមគរ ដូចភ្នំ ។ នេះគ្រាន់តែប្រើមធ្យោបាយដោយម៉ូតូកែច្នៃផង ។
ខាងវៀតណាមគេមិនទម្លាយថា, ឈ្មួញដឹកឈើនៅទឹកខ្មែរ ឈ្មោះអីទេ តែជាសមត្ថកិច្ចតែម្តង រហូតដល់ប្រាប់ខាងវៀតណាមថា, បើក្រៅពីពួកគេ គ្មានផ្លូវណារត់ការដឹកឈើចេញពីខេត្តរតនគិរី ដឹកទៅទឹកដីវៀតណាមបានឡើយ។ ដូច្នេះឈើដែលដឹកពីខេត្តរតនគិរីនេះ កំពុងគរនៅជាប់ព្រំដែននៃខេត្ត(យ៉ាឡេ) និងមួយចំនួនទៀតរាប់បង់ពន្ធដឹកចេញទៅតាមគោលដៅក្រុមហ៊ុន នៅទឹកដីវៀតណាម។
ជុំវិញបញ្ហាទាំងអស់នេះ ប្រសិនបើ អាជ្ញាធរ សមត្ថកិច្ច ជំនាញ គ្រប់ជាន់ថ្នាក់ ថាគ្មានបទល្មើសនេះ អាចកុហកខ្លួនឯង ប៉ុន្តែអាចឆ្លើយថា, ចាំមើលអោយមន្ត្រីចុះពិនិត្យ តាមដាន ស្រាវជ្រាវ អង្កេត ស៊ើប មើលសិន នោះរៀងស្រាលបន្តិច។
អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” គ្រាន់តែជួយខ្សឹបបន្តិចសិន ខណៈ តួនាទីភារកិច្ច បង្ក្រាប ឬមិនបង្ក្រាបជាសិទ្ធិ របស់សមត្ថកិច្ច អាជ្ញាធរ ជំនាញ ពហុស្ថាប័ន តែបុ៉ណ្ណោះ ប៉ុន្តែរូបឈើនេះ គឺចូលដល់ទឹកដីវៀតណាមហើយ គឺខេត្ត(យ៉ាឡេ) ៕
ដោយ ៖ ខ្សឹបដាក់ត្រចៀក