ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកផ្លែឈើបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៥កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តសាំយ៉ុងដឹកផ្លែឈើយ៉ាងលឿនហើយបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៥កង់ តែសំណាងល្អដែលមិនបណ្តាលឱ្យមានអ្នករងរបួស។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់រួមដំណើរជាមួយនឹងព្រូ បានបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-6890 តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៥កង់ ចំណែករថយន្តរេចង្កូតធ្លាក់ ទៅចិញ្ចើមផ្លូវទៅមុខលែងរួច តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ស្ទូចយករថយន្តដឹកផ្លែឈើនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖