ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកជាសំណួរ សំណូមពរ និងសំណើជា ផ្លូវ-លូ និងបរិស្ថាន ដែលក្នុងនោះមានសំណើផ្ទាល់មាត់ចំនួន១៦ និងសំណើ-សំណូមពរជាលាយលក្ខណ៍អក្សរចំនួន៧៣ ស្មើនឹង២៤ បញ្ហា។ តួលេខនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពី លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ពោញ ធារម្យ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
រាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាសំណើរបស់អាជ្ញាធរសង្កាត់ ភូមិ និងលោកគ្រូ អ្នកគ្រូ ភាគច្រើនគឺសុំផ្លូវ និងប្រព័ន្ធលូ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងជាដើម។ ទន្ទឹមនេះ បងប្អូនប្រជាពលរដ្ឋក៏បានអរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួយចេញបណ្ណកម្មសិទ្ធិជូនបងប្អូនដែលរង់ចាំជាយូរឆ្នាំ ក៏ដូចជាថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីសុខទុក្ខប្រជាពល រដ្ឋ និងអភិវឌ្ឍមូលដ្ឋាន។
លោក ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជជែកពិភាក្សា។ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ដោយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលបរិយាបន្ន នៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏ដូចជាការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធិផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា។
លោក ពោញ ធារម្យ បានជំរុញការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងបរិស្ថាន ដោយត្រូវបន្តតាមដាន និងពន្លឿនការអនុវត្តគម្រោងផ្លូវ-លូ ដែលបានដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរួចហើយ និងបន្តស្តារប្រឡាយ-លូមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសការជន់លិច ទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង និងប្រមូលសំរាមឱ្យបានទៀងទាត់ និងស្អាតជាប្រចាំ។
លោកក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ដោយត្រូវបង្កើនការល្បាត និងបង្ក្រាបឱ្យដល់ឫសគល់នូវបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងការបង្ការគ្រោះអគ្គិភ័យនៅតាមតំបន់រោងចក្រ សហគ្រាស និងផ្ទះជួលរបស់កម្មករ-និយោជិត។ លើសពីនេះ ត្រូវលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារ ណៈ ដោយពង្រឹងយន្តការច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ ក្រុមបដិសណ្ឋារកិច្ច និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញ តាមរយៈការកាត់បន្ថយនីតិវិធីស្មុគស្មាញ លុបបំបាត់ភាពអសកម្ម និងឆ្លើយតបឱ្យបានរហ័សចំពោះរាល់សំណើ ឬបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធHotline និងបណ្តាញទំនាក់ទំនងផ្លូវការរបស់រដ្ឋបាលរាជធានី៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច